ព័ត៌មានជាតិ

ក្រុមមហ៊ុន W​orld Tankers Management​ បានបដិសេធថា​ មិនបានលួចដឹក​ប្រេងរបស់កម្ពុជា​នោះទេ ហើយទាមទារ​ឱ្យដោះលែង​នាវិក​របស់ខ្លួនមកវិញ

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនWorld Tankers Management បានបង្ហាញឱ្យដឹងថា នាវា MT Stro​vo​-losដែលនៅលើដែនទឹករបស់ឥណ្ឌូនេស៊ី គឺក្រោមហេតុផលមនុស្សធម៌ និងធ្វើប្រតិបត្តិការតាមកិច្ចសន្យាតែប៉ុណ្ណោះ។ បើយោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ គឺម្ចាស់កិច្ចសន្យាជាមួយនាវាបានផ្ទុកទំនិញជាប្រេងឆៅនៅតំបន់អប្សរារបស់កម្ពុជាក្នុងឈូងសមុទ្រថៃកាលពីខែឧសភាដោយខាងនាវាយល់ថា ទំនិញនោះជាកម្មសិទ្ធិរបស់ម្ចាស់កិច្ចសន្យា។

ប៉ុន្តែ ក្រោយមក បន្ទាប់ពីម្ចាស់កិច្ចសន្យាមិនបានបង់តម្លៃជួលដឹកប្រេងឆៅទាំងនេះ ក្រុមហ៊ុនWorld Tankers Management បានបញ្ជាក់ថា នាវា MT Stro​vo​los និងក្រុមនាវិកបានធ្វើដំណើរទៅដែនសមុទ្រប្រទេសថៃ ដើម្បីឈប់ចាក់ប្រេង ហើយខណៈឈប់នោះ ពួកគេបានព្យាយាមផ្លាស់ប្តូរក្រុមនាវិកដែលស្នាក់នៅទីនោះយូរមកហើយ។ នៅទីនោះ កងទ័ពជើងទឹកថៃក៏បានឱ្យក្រុមនាវិកឡើងគោកតាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា ប៉ុន្តែមិនបានឃាត់ខ្លួនពួកគេឡើយ ដោយអនុញ្ញាតឱ្យពួកគេបន្តដំណើរទៅមុខទៀតបាន។ ប៉ុន្តែនៅដែនសមុទ្រឥណ្ឌូនេស៊ី ពួកគេក៏ត្រូវបានចាប់ឃាត់ខ្លួនតាមសំណើរបស់អាជ្ញាធរកម្ពុជា។

សម្រាប់ក្រុមហ៊ុន World Tankers Management ការចាប់រឹបអូសនាវា និងឃាត់ខ្លួនក្រុមនាវិកពីសំណាក់អាជ្ញាធរឥណ្ឌូនេស៊ី និងការចោទប្រកាន់របស់អាជ្ញាធរកម្ពុជាពីការលួចដឹកប្រេងឆៅនេះ គឺជារឿងមិនត្រឹមត្រូវ។ ក្រុមហ៊ុនបានសម្តែងការព្រួយបារម្ភអំពីក្រុមនាវិករបស់ខ្លួន បន្ទាប់ដឹងថា រដ្ឋាភិបាលកម្ពុជាបានស្នើសុំដល់ប៉ូលីសអន្តរជាតិអាំងទែប៉ូលឱ្យបញ្ជូនក្រុមនាវិកនៃនាវានេះមកកាន់ប្រទេសកម្ពុជា។

ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលកម្ពុជាមិនអាចទាក់ទងសុំការបំភ្លឺបាននោះទេ។ ប៉ុន្តែតាមរយៈទីភ្នាក់ងារព័ត៌មានបារាំងAFP លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលបានអះអាងថា ក្រុមហ៊ុនKrisEnergyបានរាយការណ៍មករដ្ឋាភិបាលកម្ពុជាថា ក្រុមនាវិកទាំងនោះបានលួចយកប្រេងឆៅចេញពីដែនទឹកកម្ពុជា ប៉ុន្តែក្រុមនាវិកបានឆ្លើយតបវិញថា ពួកគេធ្វើបែបនេះ ដោយសារក្រុមហ៊ុនជំពាក់លុយពួកគេ។ យ៉ាងណាក៏ដោយ បើតាមជៀប សួរ កម្ពុជា និងឥណ្ឌូនេស៊ីកំពុងសហការគ្នា ដើម្បីបញ្ជូនប្រេងលើនាវានោះមកឱ្យកម្ពុជាវិញ៕

មតិយោបល់