ព័ត៌មានជាតិ

អ្នកជំនាញ​បារាំង៖ ​ចាប់​ពី​ពេល​នេះ​ត​ទៅ អាមេរិក និង​ក្រុម​ប្រទេស​បស្ចិមលោក​ដទៃ​ទៀត​នឹង​ត្រូវ​សហការ​ជាមួយ​ពួក​តាលីបង់

ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​កំពុង​បន្ត​ក្លាយ​ជា​បច្ចុប្បន្នភាព​យ៉ាង​ក្តៅ​គគុក។ អ្នក​នំា​ពាក្យ​តាលីបង់​បាន​ប្រកាស​លើ​ទំព័រ Twitter នា​ថ្ងៃ​សុក្រ ទី២៧ សីហា​ថា គណៈប្រតិភូ​បារាំង​បាន​ជួប​ក្រុម​អ្នក​តំណាង​តាលីបង់​នៅ​ក្នុង​ទីក្រុង​ដូហា ប្រទេស​កាតា​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ សីហា។

នេះ​ជា​ជំនួប​លើកទី១ រវាង​ភាគី​បារាំង និង​តាលីបង់​តាំង​ពី​ចលនា​មួយ​នេះ​ដណ្តើម​បាន​អំណាច​កាល​ពី​ជិត ២សប្តាហ៍​មុន។ ចំណែក​ប្រទេស​តួកគី​ក៏​បាន​ប្រកាស​ពី​ការ​ជជែក​ជាមួយ​ពួក​តាលីបង់​លើក​ទី១ ដែរ តែ​នៅ​ក្រុង​កាប៊ុល។ ដំណឹង​នេះ​បាន​ធ្លាក់​មក ក្រោយ​ពី​មាន​អំពើ​ភេរវកម្ម​អត្តឃាត​បង្ក​ដោយ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស ៨៥នាក់ និង​របួស​ជាង ១៦០នាក់។ អ្នកជំនាញ​ជនជាតិ​បារាំង​នៅ​សកលវិទ្យាល័យ​ក្នុង​ខេត្ត​លីយ៉ុង​លោក​ស៊ីម៉ុង គ្រីវេ​បាន​យល់​ឃើញ​ថា អ្វី​ដែល​ច្បាស់​ចាប់​ពី​ពេល​នេះ​ត​ទៅ អាមេរិក និង​ក្រុម​ប្រទេស​បស្ចិមលោក​ដទៃ​ទៀត​នឹង​ត្រូវ​សហការ​ជាមួយ​ពួក​តាលីបង់។

«អាមេរិក​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​ពិសេស​មួយ ព្រោះ​ពួក​តាលីបង់​បាន​ក្លាយ​ជា​ចៅហ្វាយ​ថ្មី​របស់​ប្រទេស​អាហ្វហ្កានីស្ថាន។ គឺ​សុទ្ធសឹង​ជា​ពួក​ដែល​អ្នក​ខ្លះ​ធ្លាប់​ធ្វើ​ជា​អ្នក​តស៊ូ និង​អ្នក​ខ្លះ​ទៀត​ធ្លាប់​ជា​ភេរវជន ហើយ​ឥឡូវ​ពួក​គេ​បាន​ចូល​ក្តោបក្តាប់​អំណាច។ ដល់​អ៊ីចឹង​ទៅ អាមេរិក​ក៏​ដូច​ជា​បណ្តា​ប្រទេស​ផ្សេង​ទៀត​នឹង​ត្រូវ​រួម​សហការ ឬ​មួយ​ក៏​ត្រូវ​មាន​កិច្ចសន្ទនា​ជាមួយ​ពួក​គេ។ វា​ពិត​ជា​រឿង​មួយ​ពិបាក​ខ្លាំង​ណាស់។

បន្ទាប់​មក ទាក់ទង​នឹង​រឿង​ការ​តាម​កំចាត់​ជនដៃដល់​ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​អំពើភេរវកម្ម​វិញ រឿង​នេះ​ក៏​ពិបាក​ដែរ ព្រោះ​វា​គំនិត​នៃ​រូបភាព​សង្រ្គាម​ថ្មី​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម និង​អំពើ​គួរ​ឲ្យ​ភ័យខ្លាច​ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ២០០១ ពោល​ក្រោយ​ព្រឹត្តិការណ៍​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ នៅ​អាមេរិក។

ប្រធានាធិបតី​អាមេរិក​គ្រប់​រូប​តាំង​ពី​លោក George W Bushពួក​គេ​ព្យាយាម​តាម​កំចាត់​ពួក​ភេរវជន និង​ក្រុម​ជនសង្ស័យ ពិសេស​ពួក​ដែល​ចង់​វាយប្រហារ និង​ចង់​បំផ្លាញ​ផលប្រយោជន៍​អាមេរិក។ ជា​ទូទៅ​នៅ​ក្នុង​សង្រ្គាម​ថ្មី​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម​នេះ អាមេរិក​បាន​ប្រើ​ដ្រូន​បាញ់​លើ​ផ្ទាំងស៊ីប​របស់​ក្រុម​ភេរវជន។ តែ​ពេល​ខ្លះ ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​នេះ​បាន​បណ្តាល​ឲ្យ​មាន​ជនរងគ្រោះ​ជា​ច្រើន​ដែល​ភាគ​ច្រើន​ជា​ជនស៊ីវិល​ស្លូតត្រង់។

ដូច្នេះ ការ​ដក​ខ្លួន​ចេញ​របស់​អាមេរិក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​បង្ក​ហានិភ័យ​ឲ្យ​មាន​សង្រ្គាម​មួយ​នេះ​ឡើង​វិញ។ តែ​ជា​សង្គ្រាម​មួយ​ដែល​មិន​ងាយ​នឹង​ចប់​ទេ»៕

មតិយោបល់