ព័ត៌មានជាតិ

បារាំងជំរុញនិងគាំទ្រអ៊ីរ៉ាក់ ឲ្យដើរតួសំខាន់ ក្នុងចំណោម​ប្រទេសសំខាន់ៗ ក្នុងតំបន់​បូព៌ា

 

លោកម៉ាក្រុង ប្រមែរប្រមូល​ប្រទេសសំខាន់ៗក្នុងតំបន់ដើមបូព៌ា មានដូចជាអ៊ីរ៉ាក់ អ៊ីរ៉ង់ ហ្សកដានី អេហ្ស៊ីបជាដើម ឲ្យមកចូលរួមសន្និសីទនៅបាកដាតនេះ គឺវាជារឿងសំខាន់ និងជាជំហានចាប់ផ្តើម​ដ៏ល្អ​រួចទៅហើយ។ តាមពិត មិនមែនបារាំង ជាអ្នកចេញមុខចាត់ចែងទេ តែការពិត គឺបារាំង​គាំទ្រ​លើកទឹកចិត្ត​រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលជាអ្នក​​នៅកណ្តាល​ ក្នុងចំណោម​ប្រទេសសំខាន់ៗ ក្នុងតំបន់​ដើមបូព៌ា។

យោងតាម​មន្ត្រី​វិមាន​ប្រធានាធិបតី​​បារាំង អ៊ីរ៉ាក់បច្ចុប្បន្ននេះ គឺប្រៀបបីដូចជាចង្កូត របស់តំបន់ដើមបូព៌ា។ ជាក់ស្តែងនៅក្នុងបញ្ហាជម្លោះរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត គឺអ៊ីរ៉ាក់ ជាអ្នកនាំសារ ជាអ្នកធ្វើអាជ្ញាកណ្តាល ឲ្យ​មាន​​ការផ្សះផ្សារគ្នា។ ដរាបណាប្រទេសធំៗក្នុងតំបន់នេះ ដែលប្រកាន់មនោគមវិជ្ជា​​អ៊ីស្លាម​ខុសគ្នា នៅតែ​មិនចុះសម្រុងនឹងគ្នា នោះគឺវានឹងបើកទ្វារចំហរឲ្យ​ក្រុមជីហាតភេរវកម្ម​​អាចមានផ្លូវកើនកម្លាំង។ ហេតុដូច្នេះហើយ បានជាបារាំង គាំទ្រ ជំរុញអ៊ីរ៉ាក់ ឲ្យ​រៀបចំការផ្សះផ្សារ ធ្វើជាអាជ្ញាកណ្តាលរវាង​អារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់។

តែយ៉ាងណា ទាល់តែអ៊ីរ៉ាក់ មានភាពរឹងមាំខ្លួនឯងដែរ មិនថានយោបាយ សេដ្ឋកិច្ច នឹងសន្តិសុខ ទើប​អាចមានទំងន់ ប្រមែរប្រមូលគេឯងបាន។ បច្ចុប្បន្ននេះ មានទាហានបារាំង ប្រចាំការនៅអ៊ីរ៉ាក់ ប្រមាណ​៦០០នាក់ ដែលចាំជួយកងទ័ពអ៊ីរ៉ាក់ ផ្នែកផ្លូវអាកាស។ ហើយបើតាមសន្ទុះនៃការ​ប្រឹងប្រែងនេះ គឺបារាំងនឹងបន្តរក្សាកម្លាំង ឬក៏អាចបន្ថែមជំនួយអ្វីទៀតដល់អ៊ីរ៉ាក់ថែមទៀតផង។

ចំណែក​អាមេរិកវិញ មានកម្លាំងប្រមាណ​២៥០០នាក់ តែមិន​មែនកម្លាំងប្រយុទ្ធទេ។ អាមេរិកនៅជួយ​អ៊ីរ៉ាក់ផ្នែក​ ផ្តល់ប្រឹក្សាយុទ្ធសាស្ត្រយោធា និងការ​ហ្វឹកហាត់​។ លោក Rasha al-Aqeedi លើកឡើងថា ថ្វីបើសមត្ថភាព​របស់កងទ័ពអ៊ីរ៉ាក់ នៅមិនទាន់រឹងមាំក្តី តែយ៉ាងណា អាមេរិកគិតថាកងទ័ពអ៊ីរ៉ាក់នឹងមិនធ្លាក់ដុនដាប ដូចកាលពីឆ្នាំ​២០១៤ ដែលធ្វើឲ្យ​ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម វាយយក​ឈ្នះបាននោះទេ៕

មតិយោបល់