ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ចំពោះសាលារៀននៅតាមទីប្រជុំជនដែលមានការឆ្លង ឬមានការឆ្លងតិច អាចនៅរៀនបន្តតាមបែបចម្រុះ ដើម្បីការពារពីការចម្លងជំងឺកូវីដ-១៩។ ថ្លែងក្នុងសារសំឡេងពិសេស នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការបើកសាលានេះ មិនត្រូវធ្វើឡើងនៅទូទាំងស្រុកនោះទេ ត្រូវធ្វើនៅតាមឃុំ ដែលគ្មានជំងឺឆ្លង ដោយរក្សានូវវិធានការសុខាភិបាលចាំបាច់នានា ដើម្បីឱ្យកុមាររបស់យើងបានចូលរៀន។ សម្តេចតេជោ បានបន្ថែមថា សម្រាប់កន្លែងដែលមានការឆ្លងច្រើន ក៏ត្រូវបន្តការរៀនតាមអនឡាញ ឬរៀនពីចម្ងាយ ។ សម្តេចបានស្នើឱ្យក្រសួងអប់រំរកគ្រប់វិធានការ ដើម្បីឱ្យសិស្សបានរៀន ដោយបើកសាលារៀនដោយផ្ទាល់ ដោយសំដៅឆ្ពោះទៅទីជនបទ ដែលមិនមានជំងឺឆ្លង និងរៀនលក្ខណៈចម្រុះ នៅតំបន់ដែលមានការឆ្លងតិច ហើយមានវ៉ាក់សាំងចាក់រួច។
សំឡេង៖ «សម្រាប់កន្លែងទីប្រជុំជនដែលមានការឆ្លងឬមានការឆ្លងតិច យើងអាចអនុញ្ញាតពិនិត្យឱ្យមានការរៀនបន្តទៅតាមអនឡាញ ឬរៀនទៅតាមស្ថានភាពគួបផ្សំរវាងការរៀនដោយផ្ទាល់ ដោយរក្សានូវគម្លាតសុវត្ថិភាពនិងការរៀនតាមបែបចម្រុះ ដែលវិស័យនេះ ផ្នែកនេះ ខ្ញុំមិនបកស្រាយទៅលើវិស័យបច្ចេកទេសនោះទេ ដោយសារនៅទីក្រុង និងទីប្រជុំជនមានលទ្ធភាពច្រើន ដែលមានអ៊ីនធើណេត អាចរៀនសូត្របាន យើងអាចគួបផ្សំគ្នារវាងកន្លែងឆ្លងតិច ហើយនៅពេលដែលកុមារាកុមារី យុវវ័យរបស់យើងបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ ហើយនោះ យើងអាចឈានទៅដល់ការបើកសាលារៀនរបស់យើងឡើងវិញ។
ហើយការបើកនេះក៏ត្រូវធានានូវសុវត្ថិភាព គម្លាតសុវត្ថិភាព និងវិធានការសុខាភិបាល ដែលយើងត្រូវខិតខំដោះស្រាយបញ្ហានេះ។ ហើយកន្លែងដែលមានការឆ្លងច្រើន ក៏សូមបន្តការរៀនទៅតាម អនឡាញ ការរៀនពីចម្ងាយ។ ខ្ញុំស្នើរកគ្រប់វិធានការដើម្បីឱ្យសិស្សបានរៀនដោយបើកសាលាផ្ទាល់ រៀនដោយផ្ទាល់ ដោយសំដៅឆ្ពោះ ទៅដល់ទីកន្លែងជនបទដែលពុំមានពុំមានជំងឺឆ្លង និងការបើករៀនមានលក្ខណៈចម្រុះនៅតំបន់ដែលមានការឆ្លងតិច ហើយមានការ ចាក់វ៉ាក់សាំងគ្រប់គ្រាន់»៕
ប្រភព៖ AKP
មតិយោបល់