អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បាននិយាយកាលពីថ្ងៃច័ន្ទនៅក្នុងសន្និសីទសារព័ត៌មានមួយដែលត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ Ariana News ថា ក្រុមតាលីបង់ បានគ្រប់គ្រងយ៉ាងពេញលេញទៅលើក្រុមអ្នកតស៊ូចុងក្រោយនៅក្នុងខេត្តប៉ាន់សៀរ (Panjshir) នៃប្រទេសអាហ្វហ្គានីស្ថាន ដូច្នេះអរិភាពយោធានៅទូទាំងប្រទេសត្រូវបានបញ្ចប់។
លោកបានសង្កត់ធ្ងន់ថា «ការគ្រប់គ្រងយ៉ាងពេញលេញទៅលើខេត្តប៉ាន់សៀរត្រូវបានធានាសុវត្ថិភាពកាលពីយប់ថ្ងៃអាទិត្យហើយនៅព្រឹកថ្ងៃច័ន្ទ។ សង្រ្គាមនៅអាហ្វហ្គានីស្ថានបានបញ្ចប់ហើយ។ ដល់ពេលត្រូវកសាងប្រទេសយើងហើយ»។
យោងតាមអ្នកនាំពាក្យក្រុមតាលីបង់រូបនោះបានឱ្យដឹងថា អតីតមន្រ្តីរដ្ឋាភិបាលអាហ្វហ្គានីស្ថានជាច្រើនដែលនៅពេលមុននេះបានភៀសខ្លួនទៅកាន់ខេត្តឧទ្ទាមនោះ ឥឡូវនេះបានចាកចេញពីប្រទេសហើយ។ លោក Mujahid បាននិយាយថា «ខេត្តប៉ាន់សៀរ គឺជាផ្នែកមួយនៃប្រជាជនរបស់យើង ទាំងជនស៊ីវិល និងយុទ្ធជន។ យើងនឹងកសាងអនាគតរួមរបស់អាហ្វហ្គានីស្ថានជាមួយគ្នា»។
ទន្ទឹមនឹងនេះដែរ រណសិរ្សតស៊ូជាតិបានបដិសេធនៅលើបណ្តាញសង្គម Twitter ចំពោះការកាន់កាប់របស់ពួកតាលីបង់ទីលើខេត្តប៉ាន់សៀរ។
មតិយោបល់