(សេអ៊ូល)៖ កូរ៉េខាងជើងបានធ្វើតេស្តដោយជោគជ័យនូវមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទគ្រូសមីស៊ីល (cruise missile) ប្រកបដោយជោគជ័យកាលពីថ្ងៃអាទិត្យ ម្សិលមិញ ខណៈសហរដ្ឋអាមេរិកចាត់ទុកថាការធ្វើតេស្ដនេះជាការគំរាមកំហែងបណ្ដាប្រទេសជិតខាង និងអន្តរជាតិទាំងមូល។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញានេះបានឱ្យដឹងថា គ្រាប់មីស៊ីលដែលអាចមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរខាងលើនេះ បានហោះហើរក្នុងរយៈចម្ងាយ រហូតដល់ទៅ ១,៥០០គីឡូម៉ែត្រ រួចទើបបុកចំគោលដៅទៅតាមការកំណត់ ហើយក៏បានធ្លាក់ទៅក្នុងដែនសមុទ្រ នៃប្រទេសកូរ៉េខាងជើងតែម្តង។ នេះជាការធ្វើតេស្តលើកចុងក្រោយហើយ បើគិតចាប់តាំងពីការធ្វើតេស្ត គ្រាប់មីស៊ីលរយៈចម្ងាយខ្លីមួយគ្រាប់ កាលពីអំលុងខែមីនា ឆ្នាំ២០២១។ តែលោក គីម ជុងអ៊ុន មិនចូលរួមទស្សនា ឬបញ្ជាដោយផ្ទាល់ក្នុងការធ្វើតេស្ដនេះនោះទេ។
កូរ៉េខាងជើងក៏ធ្លាប់បានធ្វើតេស្ត cruise missile នេះម្តងរួចមកហើយដែរ កាលពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទើបឡើងអង្គុយកៅអីសេតវិមាន បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃទី២០ ខែមករា ដើមឆ្នាំនេះ។ មីស៊ីលប្រភេទ cruise missile មិនស្ថិតនៅក្រោមគោលដៅនៃការដាក់ទណ្ឌកម្មរបស់អន្តរជាតិទេ ព្រោះវាត្រូវបានគេចាត់ទុកថាមិនបង្កការគំរាមកំហែងធ្ងន់ធ្ងរដូចជាមីស៊ីលបាលិស្ទីគឡើយ៕
ប្រភព៖ AFP


មតិយោបល់