ព័ត៌មានជាតិ

តាលីបង់ អនុញ្ញាតឱ្យស្ត្រីបន្តសិក្សាដល់ថ្នាក់សាកលវិទ្យាល័យ, តែបន្ទប់រៀនត្រូវខណ្ឌចែកពីបុរស

(កាប៊ុល)៖ ស្ត្រីអាហ្វហ្កានីស្ថានគ្រប់រូបនឹងត្រូវបានអនុញ្ញាតឱ្យបន្តការសិក្សានៅថ្នាក់សាកលវិទ្យាល័យ ប៉ុន្តែថ្នាក់សិក្សារបស់ពួកគេមិនអាចឡូកឡំគ្នាបានទេ ពោលគឺត្រូវខណ្ឌចែកដាច់គ្នាពីបុរស។ នេះបើតាមរដ្ឋមន្ត្រីក្រសួងអប់រំថ្មីនៃរដ្ឋាភិបាលតាលីបង់

រដ្ឋមន្ត្រីក្រសួងអប់រំ លោក Abdul Baqi Haqqani បានបញ្ជាក់ដូច្នេះថា «យើងមិនមានបញ្ហាអ្វីនោះទេ ចំពោះ ការបញ្ចប់ប្រព័ន្ធសិក្សាដែលអនុញ្ញាតឱ្យស្ត្រី និងបុរសសិក្សាឡូកឡំគ្នា…ពួកគេគឺជាអ្នកកាន់សាសនាអ៉ីស្លាម ដូច្នេះពួកគេនឹងទទួលយកការសម្រេចនេះ»។

កាលពីដើមខែសីហាកន្លងទៅនេះ រដ្ឋាភិបាលតាលីបង់ក៏បានប្រកាសហើយដែរថាស្ត្រីនឹងនៅតែត្រូវបានអនុញ្ញាតឱ្យបន្តការសិក្សារហូតដល់ថ្នាក់សាកលវិទ្យាល័យ ប្រសិនបើពួកគេស្លៀកសម្លៀកបំពាក់បិទបាំងរាងកាយបានត្រឹមត្រូវ ដូចជាការស្លៀក នីកប (niqab) ដែលជាប្រភេទសម្លៀកបំពាក់បិទបាំងរាង កាយស្ត្រីស្ទើរតែទាំងអស់ ដោយទុកចន្លោះភ្នែកប៉ុណ្ណោះ ព្រមទាំងត្រូវខណ្ឌចែកបន្ទប់រៀនរវាងប្រុស និងស្រី ឬក៏ត្រូវខណ្ឌចែកគ្នាដោយវាំងននក្នុងបន្ទប់រៀនតែមួយ។

តាលីបង់ក៏បានសន្យាអនុញ្ញាតឱ្យស្ត្រីអាហ្វហ្កានីស្ថានអាចធ្វើការបានផងដែរ នៅក្រោមក្របខណ្ឌច្បាប់អ៉ីស្លាម ប៉ុន្តែពួកគេមិនទាន់បានបញ្ជាក់លម្អិត ឱ្យបានច្បាស់នៅឡើយទេ៕

ប្រភព៖​​​​​​ Reuters

 

មតិយោបល់