រតនគិរីៈ ក្រុមអ្នកកាសែត និងទូរទស្សន៍មួយក្រុមមានគ្នា៧នាក់ បានជិះរថយន្ត៣គ្រឿងម៉ាកកាមរីស្វិត បើកបរពេលយប់ក្នុងក្រុងបានលុងដើម្បីចុះយកព័ត៌មានពេលយប់ក្រែងមានឡានដឹកឈើចូលមកក្នុងក្រុង នៅពេលអ្នកកាសែត និងទូរទស្សន៍បើកឡានលេងៗនោះស្រាប់តែប្រទះឃើញឡានដឹកឈើមួយគ្រឿង ម៉ាកសាំយ៉ុងពណ៌ស អត់ស្លាកលេខ ដឹកឈើប្រណិតពេញ។
ពេលនោះក្រុមអ្នកកាសែតក៏បានដេញតាមថតផ្តិតយករូបភាពស្រាប់តែឡានដឹកឈើនោះបើករត់គេចគ្រប់ច្រកល្ហកហើយក៏ចូលមកពួននៅក្រោយមន្ទីរកសិកម្ម និងក្រោយកន្លែងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង១៥នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញឆ្នាំ២០១៦ នៅចំណុចភូមិអូរកន្ទីល សង្កាត់បឹងកន្សែង ក្រុងបានលុង។
នៅពេលនោះអ្នកកាសែតកំពុងតែបើកឡានដេញថតឡានដឹកឈើនោះស្រាប់តែលេចមុខក្រុមក្មេងស្ទាវជាង១០នាក់ប្រដាប់ដោយដំបង កាំបិត ដុំថ្ម និងអង្អែរបុកគ្រឿង បានមកស្ទាក់រថយន្តអ្នកកាសែតមុខក្រោយនិងបានធ្វើសកម្មភាពគប់ឡានអ្នកកាសែតបណ្តាលឲ្យបែកកញ្ចក់ចំនួន២កន្លែង ទី១បែកកញ្ចក់ទ្វារខាងឆ្វេងក្រោយតៃកុង ទី២ កញ្ចក់ចំហៀងខាងស្តាំសំរាប់មើលខាងក្រោយ។
ក្រុមក្មេងស្ទាវទាំងនោះក្រោយពីធ្វើសកម្មភាពហើយបានរត់គេចខ្លួនបាត់អស់ទាំងយប់ ហើយក្នុងពេលកើតហេតុនោះដែរក៏មានបុរសម្នាក់ជិះរថយន្តម៉ាកហាយប្រ៊ីកមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-0868 បានកាងរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងពណ៌ស ពីក្រោយជាប់ត្រូវគេដឹងថាជាថៅកែឈើប្រណិត។ ក្រុមអ្នកកាសែតដែលត្រូវក្រុមក្មេងស្ទាវស្ទាក់វ៉ៃកាលពីយប់រំលងអាធ្រាតនេះទី១. ទូរទស្សន៍ខ្សែកាបប៉ុស្តិ៍លេខ៣ ទី២. កាសែតជាតិ ទី៣.កាសែតសង្គមកម្ពុជា ទី៤.កាសែតភ្នំពេញប្រេស ទី៥.កាសែតគំនិតខ្មែរ ទី៦.កាសែតប៉ាផ្កាសេរីសន្តិភាព ទី៧.កាសែតមាតុភូមិ។
ក្រោយពីកើតហេតុភ្លាមៗនោះដែរប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរនោះគាត់ពុំឃើញមានសមត្ថកិច្ចមូលដ្ឋានណាមួយចេញមកជួយអន្តរាគមន៍ដល់ក្រុមអ្នកកាសែតនោះទេ លុះព្រឹកឡើងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមអ្នកកាសែបានដាក់ពាក្យបណ្តឹងនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគបាលខេត្តរតនគិរី ដើម្បីឲ្យសមត្ថកិច្ចរកមុខជនបង្កយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់និងជួយរកយុត្តិធម៌ដល់ក្រុមអ្នកកាសែតទាំងនោះផង។ តែមកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់បង្ក្រាប និងចាប់ក្រុមជនល្មើសឈើប្រណិត និងបក្ខពួកជាក្រុមគូកន របស់ពួកគេបាននៅឡើយនោះទេ ។ រងចាំមើលថាតើអាជ្ញាធរខេត្តរតនគិរី ចាប់ជនល្មើសបានដែរឫទេ?៕
មតិយោបល់