(Reuters) – នៅថ្ងៃពុធនេះ សហរដ្ឋអាមេរិក ចក្រភព អង់គ្លេស និងអូស្ត្រាលីបាននិយាយថា ពួកគេនឹងបង្កើតភាពជាដៃគូសន្តិសុខសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលនឹងពាក់ព័ន្ធនឹងការរួមចំណែកជួយឲ្យទីក្រុង Canberra ទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ខណៈដែលឥទ្ធិពលរបស់ចិនលើតំបន់នេះកើនឡើង។
ក្រោមភាពជាដៃគូដែលប្រកាសដោយប្រធានាធិបតីលោក Joe Biden នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison សហរដ្ឋអាមេរិក និងអង់គ្លេសនឹងផ្តល់នូវបច្ចេកវិទ្យា និងបន្ថែមសមត្ថភាពក្នុងការដាក់ពង្រាយនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែរទៅដល់អូស្ត្រាលី។
នៅក្នុងពិធីប្រកាសតាមប្រព័ន្ធវីដេអូពីរដ្ឋធានីចំនួនបីផ្សេងៗគ្នា មេដឹកនាំទាំងនោះបានសង្កត់ធ្ងន់ថា អូស្ត្រាលីនឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ ប៉ុន្តែប្រើប្រព័ន្ធដែលដើរដោយថាមពលនុយក្លេអ៊ែរសម្រាប់នាវា ដើម្បីការពារប្រឆាំង នឹងការគំរាមកំហែងនាពេលអនាគតតែប៉ុណ្ណោះ។
ប្រធានាធិបតីលោក Biden បានមានប្រសាសន៍ថា “យើងទាំងអស់គ្នាទទួលស្គាល់ពីភាពចាំបាច់នៃការធានាសន្តិភាព និងរក្សាស្ថិរភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងរយៈពេលវែង” ។
លោកបានបន្ថែមទៀតថា “យើងត្រូវកំណត់ទាំងបរិយាកាសយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ននៅក្នុងតំបន់ និងពីរបៀបដែលវាអាចវិវត្ត ពីព្រោះអនាគតនៃប្រជាជាតិនីមួយៗ និងពិភពលោកពិតជាអាស្រ័យលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ ដោយស្ថិតស្ថេរ និងរីកចម្រើនតទៅទសវត្សខាងមុខបន្តទៀត”។
នាយករដ្ឋមន្រ្តីលោក Morrison បាននិយាយថា នាវាមុជទឹកទាំងនោះនឹងត្រូវសាងសង់នៅទីក្រុង Adelaide ក្នុងរដ្ឋ South Australia ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស។
លោកបានមានប្រសាសន៍ថា “យើងនឹងបន្តបំពេញកាតព្វកិច្ចទាំងអស់ក្នុងការបញ្ឈប់ការពង្រើកអាវុធនុយក្លេអ៊ែរ” ។
នាយករដ្ឋមន្រ្តីលោក Johnson បានហៅថា នេះជាការសម្រេចដ៏សំខាន់មួយសម្រាប់អូស្ត្រាលីក្នុងការទទួលបានបច្ចេកវិទ្យានេះ។ លោកបាននិយាយថា នាវាល្បាតដោយប្រើថាមពលនុយក្លេអ៊ែទាំងនោះនឹងធ្វើឲ្យពិភពលោកមានសុវត្ថិភាពជាងមុន។
ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តកំពុងស្វែងរកវិធីដើម្បីប្រឆាំងនឹងអំណាច ឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន ជាពិសេសការបង្កើនកម្លាំងយោធា ការដាក់សម្ពាធលើកោះតៃវ៉ាន់ និងការដាក់ពង្រាយនាវានៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ។
មេដឹកនាំទាំងបីមិនបាននិយាយពីប្រទេសចិននោះទេ ហើយមន្រ្តីរដ្ឋបាលជាន់ខ្ពស់របស់ប្រធានាធិបតីលោក Biden ក៏បានប្រាប់អ្នកយកព័ត៌មានមុនការប្រកាសនោះទេថា សកម្មភាពនេះមិនមានបំណងប្រឆាំងនឹងទីក្រុងប៉េកាំងទេ ៕
មតិយោបល់