(Reuters) - ប្រេសិតអង្គការសហប្រជាជាតិម្នាក់នឹងជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថានដែលជាក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលពិភពលោកចង់ចាប់ខ្លួនបំផុតអស់រយៈពេលជាច្រើនឆ្នាំ ហើយឥឡូវនេះក្លាយជារដ្ឋមន្ត្រីមួយនៃរដ្ឋាភិបាលដែលកំពុងព្យាយាមដោះស្រាយវិបត្តិមនុស្សធម៌ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យក្រុមតាលីបង់លោក Suhail Shaheen បាននិយាយថា ជំនួបរវាងលោក Deborah Lyons គណប្រតិភូអង្គការ សហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថាន និងលោក Sirajuddin Haqqani ផ្តោតទៅលើជំនួយមនុស្សធម៌ ។
លោកបានមានប្រសាសន៍ថា “លោក Haqqani បានសង្កត់ធ្ងន់ថាបុគ្គលិកអង្គការសហប្រជាជាតិអាចបំពេញការងាររបស់ពួកគេដោយគ្មានឧបសគ្គ និងអាចផ្តល់ជំនួយសំខាន់ៗដល់ប្រជាជនអាហ្វហ្គានីស្ថាន” ។
អាហ្វហ្គានីស្ថានបានប្រឈមមុខនឹងភាពក្រីក្រ និងគ្រោះរាំងស្ងួតរ៉ាំរ៉ៃរួចទៅហើយ ប៉ុន្តែស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនចាប់តាំងពីក្រុមតាលីបង់បានចូលកាន់តំណែងកាលពីខែមុន ដោយមានការបង្អាក់ជំនួយ ការជម្លៀសប្រជាជនរាប់ម៉ឺននាក់ដោយក្នុងនោះមានរួមទាំងបុគ្គលិករដ្ឋាភិបាល និងបុគ្គលិកសម្រាប់គំរោងជំនួយ និងការដួលរលំនៃសកម្មភាពសេដ្ឋកិច្ចជាច្រើន។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅក្នុងសន្និសីទជំនួយអន្តរជាតិនៅសប្តាហ៍នេះថា ប្រជាជនអាហ្វហ្គានីស្ថានកំពុងប្រឈមនឹង “ពេលវេលាគ្រោះថ្នាក់បំផុតរបស់ពួកគេ” ។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធទីក្រុង Lyons គណប្រតិភូរបស់អង្គការសហប្រជាជាតិប្រចាំអាហ្វហ្គានីស្ថានបានសង្កត់ធ្ងន់ទៅលើ “ភាពចាំបាច់ជាដាច់ខាតសម្រាប់អង្គការសហប្រជាជាតិ និងបុគ្គលិកមនុស្សធម៌ទាំងអស់នៅអាហ្វហ្គានីស្ថានដើម្បីអាចធ្វើការដោយគ្មានការបំភិតបំភ័យ ឬការរាំងស្ទះដើម្បីផ្តល់ជំនួយសំខាន់ៗនិងបង្កើតការងារដល់ប្រជាជនអាហ្វហ្គានីស្ថាន” ។
ក្រុមតាលីបង់បានកំណត់គោលដៅវាយប្រហារម្តងហើយម្តងទៀតទៅលើអង្គការសហប្រជាជាតិក្នុងអំឡុងពេលបេសកកម្មយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថានមានរយៈពេល០២ទសវត្សដែលបានបញ្ចប់កាលពីខែមុនដោយតាលីបង់បានធ្វើឱ្យរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិចទទួលបរាជ័យ។
នៅក្នុងឧប្បត្តិហេតុបង្ហូរឈាមដ៏ធំមួយ ក្រុមសកម្មប្រយុទ្ធតាលីបង់បានសម្លាប់បុគ្គលិកបរទេសរបស់អង្គការសហប្រជាជាតិចំនួនប្រាំនាក់ នៅក្នុងការវាយប្រហារទៅលើផ្ទះសំណាក់មួយនៅទីក្រុង Kabul កាលពីឆ្នាំ ២០០៩ ។
កាលពីខែកក្កដានាពេលថ្មីៗនេះ ខ្មាន់កាំភ្លើងបានវាយប្រហារបរិវេណអង្គការសហប្រជាជាតិមួយនៅទីក្រុង Herat ដោយបាញ់គ្រាប់ផ្លោងបានសម្លាប់អ្នកយាមម្នាក់ ខណៈដែលក្រុមអ្នកតវ៉ានៅទីក្រុង Mazar-i-Sharif ភាគខាងជើង បានសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិចំនួន ០៧ នាក់កាលពីឆ្នាំ ២០១១ ៕



មតិយោបល់