(Reuters) - យោងតាមឯកសាររបស់តុលាការដែលបានចេញផ្សាយថ្មីៗនេះ អតីតឧត្តមសេនីយ៍របស់ប្រទេស Venezuela ម្នាក់ដែលជាប់ពន្ធនាគារនៅសហរដ្ឋអាមេរិកពីបទជួញដូរគ្រឿងញៀនកំពុងពិភាក្សាអំពីលទ្ធភាពសុំទទួលស្គាល់កំហុសជាមួយព្រះរាជអាជ្ញា នៅក្នុងសំណុំរឿងមួយដែលប្រធានាធិបតី Nicolas Maduro ក៏ជាចុងចោទផងដែរ ។
លោក Cliver Alcala ដែលបានចូលនិវត្តន៍ពីកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំ ២០១៣ ហើយក្រោយមកបានបែកបាក់ជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Maduro បានប្រគល់ខ្លួនទៅឲ្យសមត្ថកិច្ចប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិកនៅប្រទេសកូឡុំប៊ីដែលជាប្រទេសជិតខាងនៅខែមីនា ឆ្នាំ ២០២០។ ប្រភពបានប្រាប់រ៉យទ័រនៅពេលនោះថា លោក Alcala បានយល់ព្រមសហការជាមួយរដ្ឋអាជ្ញា ។
កិច្ចសហការជាមួយលោក Alcala ឬអ្នករួមគំនិតដែលត្រូវបានចោទប្រកាន់ផ្សេងទៀតអាចជួយរដ្ឋអាជ្ញាកសាងសំណុំរឿងចោទប្រកាន់ប្រធានាធិបតីលោក Maduro និងអនុប្រធានគណបក្សសង្គមនិយមលោក Diosdado Cabello ដែលត្រូវបានចោទប្រកាន់ក្នុងករណីនេះផងដែរ។
ប្រធានាធិបតីលោក Maduro ត្រូវបានចោទប្រកាន់ពីបទឃុបឃិតជាមួយក្រុមឧទ្ទាមកូឡុំប៊ីអស់រយៈពេលពីរទសវត្សរ៍ដើម្បី “នាំចូលគ្រឿងញឿនកូកាអ៊ីនជាច្រើន” ចូលក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែរូបលោក និងលោក Cabello បានបដិសេធការចោទប្រកាន់នេះ ដែលត្រូវបានប្តឹងនៅពេលដែលរដ្ឋបាលអតីតប្រធានាធិបតីលោក Trump បានដាក់សម្ពាធឲ្យប្រធានាធិបតីលោក Maduro ចុះចេញពីតំណែង ។
ប្រធានាធិបតីលោក Maduro ដែលទីក្រុងវ៉ាស៊ីនតោនបានហៅថាជា ជនផ្តាច់ការ ប៉ុន្តែនៅតែបន្តកាន់តំណែងបើទោះបីមានការដាក់សម្ពាធខាងការទូត និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើឧស្សាហកម្មប្រេងរបស់ Venezuela ក៏ដោយ លោកត្រូវបានគាំទ្រដោយយោធា និងសម្ព័ន្ធមិត្តរបស់អាមេរិកខាងត្បូងរួមទាំងរុស្ស៊ី និងគុយបាផងដែរ ។
បន្ទាប់ពីការប្រគល់ខ្លួនកាលពីខែមីនាឆ្នាំ ២០២០ លោក Alcala បានសារភាពថា លោកមិនបានចូលរួមក្នុងការសមគំនិតក្នុងអំពើភេរវកម្មជួញដូរគ្រឿងញឿន ការឃុបឃិតនាំចូលកូកាអ៊ីន និងការចោទប្រកាន់អាវុធពាក់ព័ន្ធដែលរដ្ឋអាជ្ញាអាមេរិកប្រចាំតំបន់ខាងត្បូងទីក្រុងញូវយ៉កបានចោទប្រកាន់ឡើយ ។
បើយោងតាមកំណត់ហេតុដែលបានចេញផ្សាយនៅថ្ងៃទី ០៧ ខែកញ្ញាបានឲ្យដឹងថា ជំនួយការរដ្ឋអាជ្ញាអាមេរិកលោក Kyle Wirshba បានប្រាប់ចៅក្រមលោក Alvin Hellerstein នៅក្នុងសវនាការថ្ងៃទី ១២ ខែមេសាថា លោក Alcala និងរដ្ឋអាជ្ញាបាន “ពិភាក្សាគ្នាអំពីការសម្រេចក្តីមុនពេល កាត់ក្តីលើបញ្ហានេះអាចទៅរួចដែរឬទេ” ។
លោក Steven Cash ទីប្រឹក្សានៅក្រុមហ៊ុនមេធាវី Day Pitney និងជាអតីតរដ្ឋអាជ្ញានៅ ការិយាល័យអយ្យការស្រុក Manhattan បាននិយាយថា ការសម្រេចក្តីមុនការកាត់ក្តីសំដៅទៅលើការសារភាព ហើយអាចមានន័យថាចុងចោទបានព្រមព្រៀងសហការ ឬមាន “ឆ្អែតឆ្អន់នឹងអំពើរបស់ខ្លួន” ហើយសម្រេចចិត្តសារភាពកំហុស ។
លោក Cesar de Castro មេធាវីរបស់លោក Alcala បានប្រាប់ចៅក្រមថាសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលមានភាពត្រឹមត្រូវ។ ប៉ុន្តែលោក De Castro មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយអំពីកិច្ចពិភាក្សានេះទេ។ និងអ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញាអាមេរិកក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយផងដែរ ៕



មតិយោបល់