ព័ត៌មានជាតិ

សម្តេច តេជោ ហ៊ុនសែន ប្រតិកម្មទៅនឹងសមត្ថកិច្ច ហាមឃាត់ប្រជាពលរដ្ឋមិនឲ្យសម្លាប់សត្វពពែយកសាច់ទទួលទាន

(ភ្នំពេញ)៖ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការហួសចិត្ត បន្ទាប់ពីបានឃើញវីដេអូមួយបង្ហោះលើបណ្តាញសង្គម ដែលបង្ហាញពីសកម្មភាពរបស់មន្ត្រីធ្វើការហាមឃាត់ប្រជាពលរដ្ឋ មិនឲ្យសម្លាប់សត្វពពែយកសាច់ទៅទទួលទាន។ សម្តេច ក៏បានបញ្ជាឱ្យ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអភិបាលខេត្តមួយ ធ្វើការស្រាវជ្រាវ និងបំភ្លឺជូនសម្តេច ពាក់ព័ន្ធករណីនេះផងដែរ។

យោងតាមផេកផ្លូវការរបស់សម្តេច តេជោ ហ៊ុនសែន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហោះសារភ្ជាប់ជាមួយវីដេអូយ៉ាងដូច្នេះថា «តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ប្រជាជនមិនអោយសម្លាប់ពពែយកសាច់ជាអាហារពីពេលណាមក ទើបបានជាមន្ត្រីយើងធ្វើមកលើប្រជាជនបែបនេះ?

យើងលើកទឹកចិត្តអោយប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេគឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វគ្មានសិទ្ធិសម្លាប់សត្វយកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់គឺត្រូវធ្វើវិសោធនកម្មច្បាប់។

ខ្ញុំមិនដឹងថារូបភាពក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវហើយចូលមកបំភ្លឺអោយខ្ញុំតាមហ្វេសបុកនេះ ដើម្បីអោយប្រជាជនបានដឹងជាទូទៅ។
ខ្ញុំហួសចិត្តនិងអាណិតប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ»៕

 

មតិយោបល់