ព័ត៌មានជាតិ

តាលីបង់ ស្នើសុំថ្លែងសុន្ទករថានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ

(ញូយ៉ក)៖ រដ្ឋាភិបាលតាលីបង់ថ្មី នៃប្រទេសអាហ្វហ្កានីស្ថាន បានស្នើសុំថ្លែងសុន្ទរកថានៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃមហាសនិ្នបាតអង្គការសហប្រជាជាតិ ដែល កំពុងប្រព្រឹត្តទៅក្នុងទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ នេះបើតាមអ្នកនាំពាក្យ UN លោក Stephane Dujarric។

អគ្គរដ្ឋទូតនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថានមុន ដែលត្រូវបានក្រុមតាលីបង់បណ្ដេញចេញពីតំណែង កាលពីខែសីហាកន្លងទៅក៏បានស្នើសុំឡើងថ្លែងសុន្ទរកថា ផងដែរ ខណ:អង្គការសហប្រជាជាតិ (UN) នៅមិនទាន់សម្រេចចិត្តថាតើនរណាត្រូវតំណាងឱ្យអាហ្វហ្កានីស្ថាននៅឡើយទេ។

បើតាមលោក Stephane Dujarric អគ្គលេខាធិការ UN លោក Antonio Guterres បានទទួលលិខិតមួយច្បាប់ពីរដ្ឋមន្ត្រីការបរទេសអាហ្វហ្កានីស្ថាន ដឹកនាំដោយរដ្ឋាភិបាលតាលីបង់ លោក Amir Khan Muttaqi ដែលស្នើសុំចូលរួម និងថ្លែងសុន្ទករថាទៅកាន់មេដឹកនាំពិភពលោកនៅឯមហាសន្និបាត UN។

លិខិតខាងលើនេះដែលចុះកាលពីថ្ងៃច័ន្ទ ទី២០ ខែកញ្ញានេះ និងមានបញ្ជាក់ពីការតែងតាំងអ្នកនាំពាក្យតាលីបង់ប្រចាំទីក្រុងដូហា លោក Suhail Shaheen ជាតំណាងអចិន្ត្រៃយ៍អាហ្វហ្កានីស្ថានថ្មីប្រចាំ UN។ ប៉ុន្តែ លិខិតនេះដដែលមិនបានលម្អិតថាតើលោក Amir Khan Muttaqi ចង់ធ្វើដំណើរទៅកាន់ទីក្រុងញូយ៉កផ្ទាល់ ឬផ្ញើវីដេអូសុន្ទករថាចូលរួម ឬក៏យ៉ាងណានោះទេ៕

ប្រភព៖​​​​​​ AFP

មតិយោបល់