មុននឹងអាចចេញសេចក្តីសន្និដ្ឋានកំណត់ថាវីរុសលើសត្វប្រចៀវរស់នៅតំបន់ភាគខាងជើងប្រទេសឡាវ អាចជាប្រភពដើមនៃមេរោគបង្កជំងឺកូវីដ១៩ អ្នកស្រាវជ្រាវនៃវិទ្យាស្ថានប៉ាស័្ទរក្រុងប៉ារីស និង វិទ្យាស្ថានប៉ាស្ទ័របារាំងនៅប្រទេសឡាវ ព្រមទាំងអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិឡាវ បានចុះទៅដល់តំបន់ភ្នំភាគខាងជើងប្រទេសឡាវ ដែលមានសត្វប្រចៀវរស់ផ្តុំគ្នាច្រើនតាមរូងភ្នំ កាលពីចុងឆ្នាំ ២០២០និងដើមឆ្នាំ២០២១។ ពួកគេបានដាក់សំណាញ់ចាប់ស្ទាក់សត្វប្រចៀវ ដើម្បីប្រមូលយកសំណាក (ឈាម ទឹកមាត់ ទឹកនោម និងអាចម៍) មកវិភាគ រួចព្រលែងទៅវិញ។
លទ្ធផលនៃការវិភាគ បានបង្ហាញឱ្យឃើញថា សត្វប្រចៀវនៅឡាវមានផ្ទុកវីរុស ដែលមានបុគ្គលិកលក្ខណៈ ស្ទើរតែដូចគ្នាបេះដាក់នឹងវីរុសបង្កជំងឺកូវីដ១៩ Sars-CoV-2 ពោលគឺដូចគ្នាដល់ទៅ៩៦,៨៦% ដោយមានអាស៊ីតអាមីណេ តែមួយឬពីរមុខប៉ុណ្ណោះមិនដូចគ្នា។ ជាងនេះទៅទៀត វីរុសលើសត្វប្រចៀវឡាវ មានសមត្ថភាពភ្ជាប់ខ្លួននឹងកោសិកាACE2របស់មនុស្ស និងចម្លងមកមនុស្សទៀត។ ប៉ុន្តែវីរុសលើសត្វប្រចៀវនៅឡាវ គ្មានប្រូតេអ៊ីន Furine ដែលមានតួនាទីសំខាន់ក្នុងការចម្លង ដូចមេរោគកូវីដ១៩ទេ។ អ្នកស្រាវជ្រាវគិតថានេះទំនងអាចមកពីមេរោគកូវីដ១៩ បានបំប្លែងខ្លួន ពេលឆ្លងចូលមកក្នុងខ្លួនមនុស្ស ឬមកពីអ្នកស្រាវជ្រាវមិនទាន់រកឃើញអស់។ សំណួរមួយទៀតដែលគ្មានចម្លើយនៅឡើយ ថាតើ វីរុសរបស់សត្វប្រចៀវក្នុងតំបន់រូងភ្នំឡាវអាចធ្វើដំណើរទៅដល់ក្រុងវ៉ូហានដែលស្ថិតនៅចម្ងាយជាង២ពាន់គីឡូម៉ែត្រ តាមណា ?
នេះជាជំហានដ៏ធំបំផុតមួយក្នុងដំណើរស្វែងរកប្រភពជំងឺកូវីដ១៩។ ក្រុមអ្នកស្រាវជ្រាវ នៃវិទ្យាស្ថានប៉ាស្ទ័របារាំង បានផ្តល់សេចក្តីសន្និដ្ឋានដ៏សំខាន់មួយថា មានវីរុសដូចគ្នាខ្លាំងនឹងមេរោគកូវីដ ដែលអាចចម្លងទៅមនុស្សបានដោយផ្ទាល់ ដោយគ្មានសត្វពង្រូលជាស្ពានចម្លងទេ។ សំណាកវីរុសក្នុងសត្វពង្រូល ខុសឆ្ងាយពីមេរោគកូវីដ១៩ ជាងវីរុសក្នុងសត្វប្រចៀវនៅឡាវទៀត។ ហើយបើតាមគំនិតរបស់អ្នកស្រាវជ្រាវដដែល សត្វប្រចៀវរកឃើញកាលពីឆ្នាំ២០១៣នៅខេត្តយូណាន់ប្រទេសចិន មិនអាចចាត់ទុកថាពូជដើមនៃវីរុសSars-CoV-2 ទៀតទេ។ ចំណែកសត្វប្រចៀវនៅកម្ពុជា ដែលវិទ្យាស្ថានប៉ាស្ទ័របានធ្វើការសិក្សាស្រាវជ្រាវដែរ មានលក្ខណៈស្រដៀងនឹងមេរោគកូវីដតែប្រមាណ៩៣%ប៉ុណ្ណោះ។
សេចក្តីសន្និដ្ឋានរបស់អ្នកស្រាវជ្រាវនៃវិទ្យាស្ថានប៉ាស្ទ័រក្រុងប៉ារីសនិងឡាវ មានផ្សព្វផ្សាយលើវេទិកាវិទ្យាសាស្ត្រ”Research Square” ដែលសាធារណជនអាចចូលមើលបានចាប់ពីថ្ងៃពុធនេះទៅ តែត្រូវរង់ចាំការវាយតម្លៃពីសំណាក់អ្នកវិទ្យាសាស្ត្រផ្សេងទៀតសិនមុននឹងអាចចេញផ្សាយលើទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រ ជាផ្លូវការបាន៕
មតិយោបល់