ព័ត៌មានជាតិ

ព្រឹកស្អែក វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ៣លានដូស នឹងមកដល់កម្ពុជា

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូវ៉ាក់)ចំនួន ៣លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២១ ក្នុងឱកាស អញ្ជើញបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី ២៤ ខែកញ្ញា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ ដែលកម្ពុជាបញ្ជាទិញពីចិន នឹងដឹកមកដល់កម្ពុជាចំនួន ៣លានដូស ថ្ងៃទី ២៦-២៧ ខែកញ្ញា ឆ្នាំ ២០២១ នឹងមកដល់ ៣លានដូសទៀត។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ក្រៅពីបញ្ជាទិញពីវ៉ាក់សាំងពីចិន រដ្ឋាភិបាលចិនក៏បានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន ៣លានដូសផងដែរ តាមរយ:ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។ដូចច្នេះ ក្នុងខែកញ្ញា ឆ្នាំ ២០២១នេះ កម្ពុជាយើងមានវ៉ាក់សាំងនៅក្នុងដៃ ទាំងការបញ្ជាទិញ និងជំនួយសរុបចំនួន ៩លានដូស។

 

មតិយោបល់