ព័ត៌មានជាតិ

តុលាការសម្រេចដោះលែងអតីតមន្ត្រីសាលារាជធានីភ្នំពេញ២នាក់ ត្រឹមថ្ងៃប្រកាសសាលក្រម រឿងពុករលួយ

ភ្នំពេញៈ ដូចជាការគ្រោងទុកនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ឲ្យមានសេរីភាពត្រឹមថ្ងៃប្រកាសសាលក្រមនេះតែម្តង។

សាលក្រមរបស់លោក រស់ ពិសិដ្ឋ បានសម្រេចដាក់ពន្ធនាគារ ជនជាប់ចោទទី១ឈ្មោះ រ័ត្ន បូរី ភេទប្រុស អាយុ៣៤ឆ្នាំ ជាអតីត ប្រធានការិយាល័យវិនិយោគនៃសាលារាជធានីភ្នំពេញ និងទី២ឈ្មោះ ម៉ៃ វណ្ណារុំ ភេទប្រុស អាយុ៣៣ឆ្នាំ អតីតបុគ្គលិក ការិយាល័យវិនិយោគនៃសាលារាជធានីភ្នំពេញ កំណត់រយៈពេល២ឆ្នាំ គិតចាប់ពីថ្ងៃឃុំខ្លួន ប៉ុន្តែត្រូវអនុវត្តទោសក្នុងពន្ធនាគារត្រឹមថ្ងៃប្រកាសសាលក្រមនេះ ទោសនៅសល់ត្រូវព្យួរធម្មតា និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ចូលជាថវិការដ្ឋ ពីបទវីតិក្រម ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែសីហា ឆ្នាំ២០១៥ យោងតាមមាត្រា៥៩២ មាត្រា៥៩៣ និងមាត្រា១០៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅជនជាប់ចោទឈ្មោះ រ័ត្ន បូរី បានឆ្លើយថា នៅអំឡុងខែសីហា ឆ្នាំ២០១៥ មានតំណាងក្រុមហ៊ុន រ៉ាយធិច មកទំនាក់ទំនងការិយាល័យផែនការវិនិយោគ ដើម្បីសុំចុះបញ្ជីបើកក្រុមហ៊ុន។ នៅពេលនោះលោកបានប្រាប់ក្រុមហ៊ុនថា ត្រូវចំណាយប្រាក់ចំនួន២១លានរៀល ដើម្បីបង់ពន្ធចុះបញ្ជី និងប្រាក់ពន្ធ។

ជនជាប់ចោទឈ្មោះ ម៉ៃ វណ្ណារុំ ឆ្លើយថាខ្លួនជាអ្នកទទួលលុយ ចំនួន ២១លានរៀលនោះទុកដោយមិនមានចេញវិក្កយបត្រទទួលប្រាក់ឲ្យក្រុមហ៊ុនទេ។

ជនជាប់ចោទបន្តថា ក្រោយពេលរៀបចំឯកសាររួចរាល់ខ្លួន និងតំណាងក្រុមហ៊ុនបានយកលុយដែលទទួលបាននោះចំនួន៧លានរៀល ទៅបង់នៅទីចាត់ការហិរញ្ញវត្ថុរាជធានីភ្នំពេញ។

ឈ្មោះ ម៉ៃ វណ្ណរុំ បានបញ្ជាក់ថា លុយដែលនៅសល់ចំនួន១៤លានរៀលទៀត គឺខ្លួនជាអ្នករក្សាទុកនៅការិយាល័យផែនការវិនិយោគ ដើម្បីចំណាយលើតម្រូវការផ្សេងៗទៀត ទៅតាមថ្នាក់លើបញ្ជា។

គួររំលឹកថា ជនជាប់ចោទឈ្មោះ រ័ត្ន បូរី និងឈ្មោះ ម៉ៃ វណ្ណារុំ ត្រូវបានលោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ម១ កាលពីល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។

ជនជាប់ចោទត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាល្ងាចថ្ងៃដដែល៕

មតិយោបល់