ព័ត៌មានជាតិ

ចិន​ ​ដាក់​គំនាប​លើ​​បក្ស​ប្រឆាំង​​របស់​តៃវ៉ាន់ ដើម្បី​បង្រួបបង្រួម​ប្រទេស​

ចិន​តែង​ចាត់​ទុក​តៃវ៉ាន់ ជា​ចំណែក​មួយ​នៃ​ដែន​ដី​របស់​ខ្លួន និងបាន​ទាំង​ប្តេជ្ញា​ដណ្តើម​គ្រប់គ្រង​ដែន​កោះ​មួយ​ដុំ​នេះ​វិញ ដោយ​ប្រើ​កម្លាំង​យោធា​ផង បើ​ចាំ​បាច់។ ហើយគិត​ចាប់​តាំង​ពី​សម័យ​ម៉ៅសេទុង​មក ​​លោក​ ស៊ី ជីនពីង ជា​ប្រធានាធិបតីដែល​និយមសង្គ្រាម​​បំផុត ក្នុង​សំណុំ​រឿង​តៃវ៉ាន់។ លោក​ ស៊ីជីនពីង យល់​ថា​ការ​វាយ​យក​ដែនកោះ​តៃវ៉ាន់​ មិន​អាច​គេចវៀង​​បាន​ទេ។

នៅក្នុង​លិខិត​អបអរ​ជោគជ័យ​របស់​លោក អេរិច ជូ ជា​ប្រធាន​គណបក្ស​គួមីងតាង បក្ស​គាំទ្រនយោបាយ​​ខិត​រក​ប៉េកាំង​ លោក ស៊ីជីនពីង បាន​គូស​បញ្ជាក់​ថា គណបក្ស​កុម្មុយនិស្ត​ចិន និង​គណបក្ស​គួមីងតាង ធ្លាប់​បានព្រមព្រៀងគ្នា កាលពី​ឆ្នាំ​១៩៩២ ប្រឆាំង​នឹង​ការ​ទាមទារ​ឯករាជ្យ​តៃវ៉ាន់ ដើម្បី​បង្កើត​ឱ្យ​មាន​ទំនាក់ទំនង​សន្តិភាព​នៅ​តំបន់​ច្រក​សមុទ្ទ​​ដែល​ញែក​ចិន​និង​តៃវ៉ាន់។ ប៉ុន្តែ​ពេល​នេះ ស្ថានភាព​នៅ​តំបន់​ច្រក​សមុទ្ទ​តៃវ៉ាន់ ស្មុគស្មាញ​​និង​អាប់អួរ​ខ្លាំង។ ដូច្នេះ​គណបក្ស​ទាំង​ពីរ ត្រូវ​ប្រឹង​ធ្វើ​ការ​រួម​គ្នា​ដើម្បី សន្តិភាព​និង​ការ​​បង្រួបបង្រួម​ប្រទេស​។ នេះ​បើ​តាម​សំណេរ​របស់​លោក​ ស៊ី ជីនពីង ដែល​គណបក្ស​គួមីងតាង​បាន​យក​ចុះ​ផ្សាយ។

ជា​ចម្លើយ​តប លោក អេរិច ជូ ប្រមុខ​ដឹកនាំ​ថ្មី​គណបក្ស​គួមីងតាង បាន​អះអាង​ថា​ គណបក្ស​កុម្មុយនិស្ត​ចិន និង​គួមីងតាង ត្រូវ​ស្វែង​រកមូលដ្ឋានគ្រឹះ​រួម​គ្នា​មួយ និង​គោរព​ភាព​ខុស​គ្នា​ទៅ​ទិញ​ទៅមក​ដើម្បី​ជំរុញ​សន្តិភាព​និង​ស្ថិរភាព​តំបន់ដៃ​​សមុទ្ទ​តៃវ៉ាន់។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​១៩៩២ គណបក្ស​គួមីងតាង ដែលបច្ចុប្បន្ន​​ជា​គណបក្ស​ប្រឆាំងដ៏​ចម្បង​នៅ​តៃវ៉ាន់​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ហៅ​ថា​ ​​“Concensusឆ្នាំ​១៩៩២” ទទួល​ស្គាល់​​ថា​ដែន​ដី​ចិន​និង​តៃវ៉ាន់​ ទាំងពីរ​ដុំ​ជា​របស់​ប្រទេស​តែ​មួយ។ ប៉ុន្តែកិច្ចព្រមព្រៀង​មិន​បាន​បញ្ជាក់​ទេ​ថា​ ប្រទេស​តែ​មួយដែល​ជា​តំណាង​ស្រប​ច្បាប់​នោះ​ជា​ចិន ឬ​ជា​តៃវ៉ាន់​ទេ។ ក្រោយ​មក​ នៅ​រវាង​ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ​២០១៦ ទំនាក់ទំនង​ចិន​និ​ងតៃវ៉ាន់ បាន​ប្រសើរ​ឡើង​ខ្លាំង​ ដោយ​​​កាលណោះ​ លោក ម៉ា យីនចូវ នៃ​គណបក្ស​គួមីងតាង បាន​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​តៃវ៉ាន់។ ប៉ុន្តែចាប់​ពី​ឆ្នាំ​២០១៦​មក ​ក្រោម​អាណត្តិ​របស់​លោកស្រី​ប្រធានាធិបតី​ សៃ អ៊ីងវេន ដែល​ចាត់​ទុក​តៃវ៉ាន់​ជាដែន​អធិបតេយ្យមួយ​មក​ ទំនាក់ទំនង​ជាមួយ​ប៉េកាំង​ បាន​ធ្លាក់​ចុះ​ជា​លំដាប់។ ចិន​បាន​បង្កើន​គំនាប​សេដ្ឋកិច្ច​ យោធា និង​ការទូត​កាន់​តែ​ខ្លាំង លើ​តៃវ៉ាន់៕

 

មតិយោបល់