នៅក្នុងឱកាស ប្រារព្ធបុណ្យជាតិ ខួប ៧២ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាជាតិមានិតចិន ប៉េកាំង បានបង្ហាញសាច់ដុំយោធា ដោយបានបញ្ជូនយន្តហោះ ចម្បាំង ដល់ទៅ២លើក ទៅហោះក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ តាមក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃសុក្រ យន្តហោះយោធាចិន ចំនួន ២៥គ្រឿង ដែលបានហោះរំលោភចូលដែនអាកាសតៃវ៉ាន់ ដែលនៅក្នុងនោះ មានយន្តហោះចម្បាំង ២២គ្រឿង យន្តហោះទម្លាក់គ្រាប់បែក ២គ្រឿងដែលមានសមត្ថភាពដឹកគ្រាប់បែកនុយក្លេអ៊ែរ និងយន្តហោះសម្រាប់វាយប្រហារនាវាមុជទឹកមួយគ្រឿង។ តាមកងទ័ពតៃវ៉ាន់ដដែល តៃវ៉ាន់បានបញ្ជូនយន្តហោះ ចម្បាំង ទៅបណ្តេញយន្តហោះចិនចេញពីតំបន់ការពារដែនអាកាសរបស់ខ្លួន។ ប៉ុន្តែ នៅយប់ ថ្ងៃសុក្រ ឈានចូលដល់ថ្ងៃសៅរ៍ ចិនក៏បានបញ្ជូនយន្តហោះចម្បាំង ១៣គ្រឿងទៀត ទៅហោះក្នុងដែនអាកាសតៃវ៉ាន់។
សម្រាប់តៃវ៉ាន់ នេះជារឿងកម្រដែលចិនបញ្ជូនយន្តហោះ ចម្បាំង ទៅក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់នៅពេលយប់ ហើយនេះជាលើកទី១ ដែលចិនបញ្ជូនយន្តហោះចម្បាំង ទៅហោះ រំលោភចូលដែនអាកាសតៃវ៉ាន់ ក្នុងចំនួនច្រើនបែបនេះ។
តាមតៃវ៉ាន់ ចិនធ្លាប់បញ្ជូនយន្តហោះចម្បាំងច្រើនបំផុត ២៨គ្រឿង ក្នុងមួយថ្ងៃ កាលពីថ្ងៃទី ១៦មិថុនាកន្លងទៅ។ ចិនបានបញ្ជូនយន្តហោះចម្បាំង ទៅហោះក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ កាន់តែញឹកញាប់ ចាប់តាំងលោកស្រី ត្សៃ អ៊ីងវេន ចូលកាន់តំណែង ជាប្រធានាធិបតីតៃវ៉ាន់។ ទោះគ្មានជំហរប្រកាសឯករាជ្យឲ្យតៃវ៉ាន់ ប៉ុន្តែ លោកស្រីអ៊ីងវេន មិនចាត់ទុកតៃវ៉ាន់ ថា ជាដែនដីរបស់ចិន។
ប្រធានាធិបតីចិន លោកស៊ី ជីនពីងដែលចាត់ទុកតៃវ៉ាន់ជាដែនដីមួយរបស់ចិន ធ្លាប់អះអាងថា ការបង្រួបបង្រួមជាមួយតៃវ៉ាន់ ជារឿងដែលមិនអាចជៀសផុត ទោះបីត្រូវប្រើកម្លាំងយោធា។
សកម្មភាពហោះរំលោភចូលដែនអាកាសតៃវ៉ាន់ពីសំណាក់ប្រទេសចិន មានសឹងជាប្រចាំថ្ងៃ ដោយកើនឡើងពី៣៨០លើក នៅ ឆ្នាំ ២០២០ មកដល់ ៥០០លើក ក្នុងរយៈពេលតែ ៩ខែឆ្នាំ២០២១នេះ។
មន្រ្តីយោធាអាមេរិកផ្ទាល់ចាប់ផ្តើមនិយាយដោយចំហរ ពីការភ័យខ្លាចដែលថា ចិននឹងអាចចូលឈ្លានពាន វាយដណ្តើមគ្រប់គ្រងតៃវ៉ាន់។ ប្រទេសលោកខាងលិចមួយចំនួនបានចូលរួមជាមួយ អាមេរិកដើម្បីធានាសេរីភាព ចរាចរណ៍ផ្លូវទឹក នៅសមុទ្រចិនខាងត្បូង និងនៅច្រកសមុទ្រតៃវ៉ាន់។
ចិនបានបញ្ជូនយន្តហោះដ៏ច្រើនសម្បើមទៅក្នុងតំបន់ការពារដែនអាកាសតៃវ៉ាន់ នៅ៤ថ្ងៃក្រោយ ចិនចេញមុខថ្កោលទោស អង់គ្លេស ដែលបានបញ្ជូននាវាចម្បាំង លើកទី១ ចាប់តាំងពីឆ្នាំ ២០០៨ ដើម្បី ទៅបើកចរាចរ នៅច្រកសមុទ្រតៃវ៉ាន់ កាលពី ថ្ងៃ ចន្ទ ដើមសប្តាហ៍នេះ។ ម្យ៉ាង ដោយបញ្ជូនយន្តហោះយោធា ជាច្រើនគ្រឿង ដែលមានតាំងពីយន្តហោះទម្លាក់គ្រាប់បែកផងនោះ ចិនមិនមែនត្រឹមចង់ផ្ញើសារទៅតៃវ៉ាន់តែប៉ុណ្ណោះទេ ប៉ុន្តែ ចិន ចង់បញ្ចេញ សាច់ដុំ គំរាម អាមេរិក និងអង់គ្លេស ដែលកំពុងបញ្ឈរ តាំងទីនាវាដឹកយន្តហោះរបស់ខ្លួន ចំនួន ៣គ្រឿង នៅក្នុងតំបន់៕
មតិយោបល់