បាត់ដំបងៈ ស្ថិតក្នុងជីវភាពក្រីក្រ មេគ្រួសារមួយដែលមានកូនក្នុងបន្ទុក៥នាក់ បានសម្រេចដើរស្វែងរកការងារធ្វើ ដោយប្រពន្ធពរពោះជិតគ្រប់ខែទៅតាម ប៉ុន្តែស្ត្រីជាប្រពន្ធបានសម្រាលកូននៅក្នុងព្រៃ ទាំងពួកគេមិនទាន់រកការងារបានធ្វើ។ ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា-ថៃ។
បុរសជាប្ដីរៀបរាប់ទាំងទឹកភ្នែក ប្រាប់ឲ្យដឹងថា ប្រពន្ធរបស់គាត់ដែលសម្រាលកូនក្នុងព្រៃ មានឈ្មោះ ឆូយ វន អាយុ៣៣ឆ្នាំ។ ពួកគាត់មានទីលំនៅបច្ចុប្បន្ននៅភូមិឆករកា ឃុំឆករកា ស្រុកសំឡូត ខេត្តបាត់ដំបង។
ឪពុកទើបទទួលបានកូនទី៦រូបនេះ រៀបរាប់ទៀតថា គាត់នៅមានកូនតូចៗនៅផ្ទះចំនួន៥នាក់ទៀត ដោយសារជីវភាពគ្រួសារមានភាពខ្វះខាតខ្លាំង គាត់ក៏សម្រេចចិត្តដើររកការងារធ្វើ ដើម្បីរកលុយទុកសម្រាប់សម្រាលកូន ប៉ុន្តែប្រពន្ធគាត់សុំទៅតាម ព្រោះថា មិនទាន់គ្រប់ខែសម្រាលកូនទេ។ គាត់ក៏បានជិះរថយន្តឈ្នួលមកដល់ស្រុកភ្នំព្រឹក ហើយនាំប្រពន្ធដើររកការងារធ្វើនៅតាមចម្ការអ្នកស្រុក ខណៈនោះប្រពន្ធរបស់គាត់បានប្រាប់ថា ឈឺពោះ ទើបភ្លាមៗគាត់បានព្យាយាមនាំប្រពន្ធចេញពីព្រៃដើរសំដៅមកភូមិអ្នកស្រុកដែរ ប៉ុន្តែដោយស៊ូទ្រាំមិនបាន ប្រពន្ធគាត់ក៏បានសម្រាលកូននៅក្នុងព្រៃតែម្ដង។
ក្រោយសម្រាលកូនបានប្រមាណជា១០នាទី ទើបក្រុមគ្រូពេទ្យចិត្តធម៌បានមកដល់កន្លែងសម្រាល ជួយសង្គ្រោះបានជោគជ័យទាំងម្ដាយ និងកូនរួចផុតទុក្ខ ហើយដោយក្ដីអាណិតស្រឡាញ់ អ្នកស្រុកបានប្រមូលរៃគ្នា ខ្លះ៥ពាន់រៀល ខ្លះ១ម៉ឺនរៀល សរុបបាន ៣៤ម៉ឺនរៀល ជួយដល់គ្រួសារក្រីក្រនេះ។
បច្ចុប្បន្នទាំងម្ដាយ និងកូន ត្រូវបានរថយន្តដឹកបញ្ជូនទៅសម្រាកទៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន៕
មតិយោបល់