ព័ត៌មានជាតិ

រយៈពេល៩ខែឆ្នាំ២០២១ កម្ពុជា នាំចេញអង្ករបានជាង ៤១ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួនជិត ៣០០ លានដុល្លារអាមេរិក

យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល៩ខែកន្លងមកនេះ សម្រាប់ទីផ្សារដែលបាននាំចេញធំជាងគេ គឺប្រទេសចិន និងតំបន់ស្វយ័តរដ្ឋបាល ហុងកុង ម៉ាកាវ មានចំនួន ៤៩.៥០ភាគរយ និងប្រទេសនៅបណ្តាសហគមន៍អឺរ៉ុប រួមទាំងអង់គ្លេសមានចំនួន ២៦.៩១ភាគរយ ប្រទេសក្នុងបណ្តាសហគមន៍អាស៊ានមានចំនួន ១០.០៩ភាគរយ និងបណ្តាគោលដៅផ្សេងៗ ចំនួន២២ មានចំនួន ១៣.៥០ភាគរយ ។ ប្រភេទអង្ករដែលនាំចេញមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៦៩.៧១ភាគរយ អង្ករសបាយទន់ ២៧.១៨ភាគរយ អង្ករចំហុយ ១.៧១ភាគរយ និង អង្ករសរីរាង្គ ១.៤១ភាគរយ ។ ហើយសម្រាប់ខែកញ្ញា ឆ្នាំ២០២១នេះដែរ ការនាំចេញ បានចំនួន ៦៧ ២៥១ តោន គិតជាទឹកប្រាក់បានចំនួន ៣៥.៣៤ លានដុល្លារសហរដ្ឋអាមេរិក ។

ប្រភពបន្តថា បរិមាណនៃការនាំចេញខែកញ្ញា ឆ្នាំ២០២១នេះ គឺជាបរិមាណនាំចេញដែលខ្ពស់ជាងគេក្នុងរយៈពេល ៥ឆ្នាំ កន្លងមក។ ក្នុងចំណោមបរិមាណនាំចេញទាំអស់ ការនាំចេញចំនួន ៥៦ភាគរយ គឺបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ។

ប្រភពបានបញ្ជាក់ទៀតថា ចំពោះស្រូវមានការនាំចេញឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាងជាពិសេសប្រទេសវៀតណាម មានបរិមាណចំនួន ៥៦០០ឡាន ឬ ១៤០ ១១៣តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជា ៣១.៥៣ លានដុល្លារសហរដ្ឋអាមេរិក ។ ស្រូវដែលនាំចេញ ភាគច្រើនប្រភេទ អូអ៊ឹម ៥៤៥១ អ៊ឺអ៊ែរ ៨៥ និងសែនក្រអូប ។

ម្យ៉ាងវិញទៀត នៅត្រីមាសទី៣នៃឆ្នាំ២០២១នេះ(៣ខែចុងក្រោយនេះ) ប្រទេសកម្ពុជា បាននាំចេញអង្ករបានចំនួន ១៣០ ២៤៨ តោន គិតជាទឹកប្រាក់មានចំនួនជាង៨១លានដុល្លារអាមេរិក ដែលមានកំណើន៤២.៩៥ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួនត្រឹមតែ ៩១១១៥ តោនតែប៉ុណ្ណោះ ៕

មតិយោបល់