ចាប់តាំងពីចិនបញ្ជូនយន្តហោះចម្បាំង ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន ទៅហោះក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ សង្រ្គាមពាក្យសំដី និងក្តីបារម្ភជុំវិញ ការផ្ទុះសង្រ្គាម ឈ្លានពានវាយដណ្តើមយកតៃវ៉ាន់ ពីសំណាក់ប្រទេសចិន មានកាន់តែច្រើនឡើងៗ។ យើងដឹងហើយថា ទំនាក់ទំនងតៃវ៉ាន់ និងចិន បានចាប់ល្អក់កករ ខ្លាំង តាំងពីពេល ដែលលោកស្រី ត្សៃ អ៊ីងវេន បានជាប់ឆ្នោត ធ្វើជាប្រធានាធិបតី តៃវ៉ាន់ នៅឆ្នាំ ២០១៦។
ភាពតានតឹង រវាងចិន និងតៃវ៉ាន់ ត្រូវបានលាតត្រដាង ដោយការបញ្ជូនយន្តហោះ ចម្បាំង ចិន ក្នុងចំនួនដ៏ច្រើន មិនធ្លាប់មាន ទៅហោះរំលោភ ចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ កាលពីប៉ុន្មានថ្ងៃមុននេះ។ គិតចាប់តាំងពីថ្ងៃសុក្រ ទី ១ តុលា រហូតដល់ថ្ងៃចន្ទ ដើមសប្តាហ៍នេះ ចិនបានបញ្ជូនយន្តហោះចម្បាំង ប្រភេទយន្តហោះទម្លាក់គ្រាប់បែក យ៉ាងតិច ១៤៨គ្រឿង ទៅហោះក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់។ វត្តមានដ៏ច្រើនរបស់យន្តហោះចម្បាំងចិន ទៅហោះរំលោភចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ បានសបញ្ជាក់ពីការដាក់សម្ពាធខ្លាំងរបស់ចិន ទៅលើតៃវ៉ាន់ ដែល ចិន ចាត់ទុក ជាដែនដីខេត្តរបស់ខ្លួន និងសន្យា បង្រួបបង្រួម មកក្នុងទឹកដីចិន នៅវេលាណាមួយ ទោះបីជាត្រូវប្រើកម្លាំងយោធា។
ត្រលប់មកនិយាយពី ហេតុផលដែលធ្វើឲ្យចិន និងតៃវ៉ាន់ ស្រាប់តែចាប់តានតឹងនឹងគ្នាខ្លាំងនៅពេលនេះវិញម្តង។ គេតែងនិយាយថា មានភ្លើង គឺមានផ្សែង។
ទី១ គឺចិនមិនសប្បាយចិត្តនឹងប្រធានាធិបតីតៃវ៉ាន់ផ្ទាល់តែម្តង។ លោកស្រី ប្រធានាធិបតីតៃវ៉ាន់ត្សៃ អ៊ីងវេន ដែលមិនព្រមទទួលស្គាល់ថា តៃវ៉ាន់ ជាផ្នែករបស់ចិន បានផ្តោតនយោបាយអាទិភាព ទៅលើវិស័យការពារជាតិ ដោយបានបង្កើនថវិកាកងទ័ព ជាបន្តបន្ទាប់។ ក្រោមការដឹកនាំរបស់លោកស្រី អ៊ីងវេន តៃវ៉ាន់ បានទិញ សព្វាវុធ ក្នុងតម្លៃ រាប់ពាន់លានដុល្លារ ពីអាមេរិក និងបានពង្រឹងឧស្សាហកម្មអាវុធ ក្នុងទឹកដីរបស់ខ្លួន។
ទោះលោកស្រី ត្សៃ អ៊ីងវេន នៅតែធានាអះអាងថា តៃវ៉ាន់មិនចង់ប្រឈមមុខ ធ្វើសង្រ្គាមជាមួយ ចិន ប៉ុន្តែ ការជំរុញនយោបាយការបរទេស របស់តៃវ៉ាន់ តាមរយៈ ការពង្រឹង ចំណងយោធា និងសេដ្ឋកិច្ច ជាមួយប្រទេសដទៃ រួមទាំងការបង្កើនថវិកា ដើម្បីបំពាក់សព្វាវុធឲ្យកងទ័ពតៃវ៉ាន់ បានធ្វើឲ្យចិន គិតបារម្ភខ្លាចថា តៃវ៉ាន់ កំពុង ដើរទៅរកផ្លូវ ប្រកាស ឯករាជ្យ ជាផ្លូវការ។
ទី២ ភាពតានតឹងចិន និងតៃវ៉ាន់ កើតឡើងក៏ដោយសារតែមកពីមានកត្តាលូកដៃពីបរទេស។ ដោយបញ្ជូនយន្តហោះ ចម្បាំងទៅហោះក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ចិនចង់បញ្ជូនសញ្ញាទៅតៃវ៉ាន់ និងអាមេរិករួមទាំងប្រទេសលោកខាងលិចផ្សេងទៀត កុំឲ្យដើរហួសខ្សែកំណត់ក្រហមរបស់ចិនឲ្យសោះ។ នៅថ្ងៃទី ១តុលា គឺចំថ្ងៃដែលចិនប្រារព្ធខួប កំណើត ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ចិន បានបញ្ជូនយន្តហោះ ចម្បាំង ទៅក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដើម្បី ប្រតិកម្ម ប្រឆាំងនឹងអង់គ្លេស ដែលបានបញ្ជូននាវាចម្បាំង ទៅបើកចរាចរ នៅច្រកសមុទ្រតៃវ៉ាន់។ មួយវិញទៀត ការដំឡើងសំឡេង ដាក់សម្ពាធលើតៃវ៉ាន់ ក៏កើតមកពីកំហឹង របស់ចិន ដែលប្រឆាំងដាច់ខាតនឹង កិច្ចព្រមព្រៀង អាមេរិក អូស្ត្រាលី និងអង់គ្លេស ស្តីពីការបំពាក់នាវាមុជទឹក ឲ្យអូស្ត្រាលី ដែលចិនចាត់ទុកថា ជាយុទ្ធសាស្រ្តគំរាមកំហែងសន្តិសុខចិន និងតំបន់។
មតិយោបល់