ព័ត៌មានជាតិ

ស្លាប់ ៥៥នាក់ ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅអាហ្វហ្កានីស្ថាន

(កាប៊ុល)៖ ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតលើវិហារអ៊ីស្លាមរបស់អ្នកកាន់និកាយស៊ីអ៉ីត ក្នុងទីក្រុង Kunduz ប្រទេស អាហ្វហ្កានីស្ថានបានកើនដល់ ៥៥នាក់ហើយ ដែលនេះគឺជាការវាយប្រហារដ៏ប្រល័យបំផុត ចាប់តាំងពីសហរដ្ឋអាមេរិកដោះដៃពីប្រទេសមួយនេះ។

អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានសរសេរនៅលើ Twitter ថា ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល០២ រសៀល (ម៉ោងក្នុងតំបន់) នៅក្នុងវិហារអ៊ីស្លាមនិកាយស៊ីអ៉ីតបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរងរបួស»។ ពួកភេរវករ ISIS បានចេញមុខអះអាងថាខ្លួនគឺ ជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះគ្រាប់បែកខាងលើ ដែលកើតឡើងនៅចំពេលអ្នកកាន់និកាយស៊ីអ៉ីតប្រមូលផ្ដុំគ្នាធ្វើអធិស្ឋានថ្ងៃសុក្រ។

កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន មនុស្ស ០៨នាក់ក៏បានស្លាប់ផងដែរ និង ២០នាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅ ខាងក្រៅវិហារអ៊ីស្លាមមួយ ក្នុងទីក្រុងកាប៊ុលដែលក្រុមសកម្មប្រយុទ្ធ ISIS បានអះអាងទទួលខុសត្រូវ៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់