ព័ត៌មានជាតិ

កិច្ចចរចាយោធារវាងចិន និងឥណ្ឌា ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅឯតំបន់ព្រំដែន បញ្ចប់ទៅដោយបរាជ័យ

(ញូដេលី)៖ កិច្ចចរចារវាងមេបញ្ជាការកងទ័ពឥណ្ឌា និងចិន ដើម្បីរំសាយកងទ័ពចេញពីតំបន់ដែលមានការប៉ះទង្គិចគ្នា នៅតាមព្រំដែនរបស់មហាយក្សទាំងពីរនេះ បានបញ្ចប់ទៅដោយភាពជាប់គាំង និងបរាជ័យ ក្នុងការបន្ធូរបន្ថយការប្រឈមមុខដាក់គ្នារយ:ពេល ១៧ខែ។

ឥណ្ឌា និងចិន នៅតែបន្តការប្រឈមមុខដាក់គ្នា នៅតាមតំបន់ព្រំដែន ឡាដាក (Ladakh) ចំពោះមុខការឈានចូលដល់រដូររងាខ្លាំងជាលើកទី ២ ទៅហើយ ដោយការជាប់គាំង ខាងលើនេះមានន័យថា កងទ័ពចិន និងឥណ្ឌា នឹងត្រូវបន្តឈរជើងនៅតំបន់នេះទៀត ចំពោះមុខអាកាសធាតុត្រជាក់ដល់កក។

ក្រោយកិច្ចពិភាក្សា និងចរចាគ្នារវាងមេបញ្ជាការយោធា នៃប្រទេសទាំងពីរបរាជ័យ ភាគីទាំងពីរក៏បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួន។ បើតាមភាគីក្រសួងការពារជាតិឥណ្ឌា ទីក្រុងញូដេលី បានផ្តល់សំណូមពរក្នុងន័យស្ថាបនា ប៉ុន្តែភាគីចិនមិនយល់ព្រមហើយមិនអាចផ្តល់នូវសំណើឆ្ពោះទៅមុខណាមួយឡើយ។

តែភាគីចិនវិញ បានអះអាងថាឥណ្ឌាបានប្រកាន់ខ្ជាប់នូវ ការទាមទារមិនសមហេតុផល និងមិនប្រាកដនិយម ដោយបានបន្ថែមការលំបាកដល់ការចរចា។ កិច្ចពិភាក្សារវាង ភាគីទាំងពីរ បានកើតមានឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដោយមានរយ:ពេល ២ខែបន្ទាប់ពីកិច្ចពិភាក្សាកាលពីលើកមុន៕

ប្រភព៖ Reuters

មតិយោបល់