ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់ផលិតកម្ម Galaxy Navatra ចេញមុខប្រកាសជាបន្ទាន់ ឲ្យអ្នកគ្រប់គ្រងផលិតកម្មលុប Video Trailer បទ «Are You Ok» ពីបណ្តាញសង្គម ក្រោយមានអ្នករិះគន់ច្រើន

(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្មចម្រៀង Galaxy Navatra បានចេះមុខមកចាត់វិធានការក្តៅជាបន្ទាន់ បញ្ជារឲ្យអ្នកគ្រប់គ្រងក្នុងផលិតម្មចម្រៀងរបស់ខ្លួន លុប Video Trailer បទ «Are You Ok» ពីបណ្តាញសង្គមទាំងអស់តែម្តង ខណ:ការធ្វើបែបនេះ គឺឆ្លើយតបទៅនឹងការស្នើសុំពីអ្នកគាំទ្រ។ ជាពិសេស បន្ទាប់ពី Video Trailer បទ «Are You Ok» បញ្ចេញភ្លាម គេសង្កេតឃើញថា មានមតិរិះគន់ជាបន្តបន្ទាប់ផងដែរ ពីការសម្តែងមិនសមរម្យ រួមនឹងអត្ថន័យដែលមហាជនទទួលយកមិនបាន។

តាមរយ:បណ្តាញសង្គមផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរសារយ៉ាងដូច្នេះថា «សូមអ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra លុប Video trailer បទ are you ok ចេញពី Facebook page នឹង Account TikTok របស់ផលិតកម្ម Galaxy Navatra ចេញជាបន្ទាន់ ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ»។

ឆ្លើយតបនឹងចំណាត់ការក្តៅៗបែបនេះ ពីខាងម្ចាស់ផលិតកម្មផ្ទាល់ ងាកមក លោក យឹម តាស្រង់ ជាអ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្ម Galaxy Navatra ផ្ទាល់ក៏បានឲ្យដឹងយ៉ាងដូច្នេះថា «បទចម្រៀង១បទ ដែលចំណាយអស់ជាង៥ម៉ឺនដុល្លា ត្រូវបានអ្នកឧកញ៉ាឱ្យខ្ញុំលុបចោល។ ពេលខ្លះគ្រប់ការខិតខំរបស់ខ្ញុំនិងក្រុមការងារមិនប្រាកដថាទទួលបានការសសើរឡើយ ទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយ។ យ៉ាងណាក្តីព្រោះផែនការថ្មីផលិតកម្ម GALAXY លែងផលិតបទ ដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀត ហើយរីឯអាខោនTikTok គ្រាន់តែ២៤ម៉ោងមានអ្នកចូលមើលដល់ទៅជិត២០លានដង មានទាំងជនជាតិបរទេស Comment យ៉ាងច្រើន។ គ្រប់យ៉ាងមានតែពាក្យសោកស្តាយ ហើយខ្ញុំនឹងកែប្រែនូវចំនុចខ្វះខាតមួយចំនួន ហើយកូនចៅខ្ញុំម្នាក់ៗបានខិតខំណាស់សូម្បីខែបុណ្យទានមិនបានសម្រាកផង កំហុសទាំងនេះកូនចៅខ្ញុំពួកគេមិនខុសឡើយគ្រប់យ៉ាងគឺមកពីខ្ញុំជាអ្នកដឹកនាំ»។

លោក យឹម តាស្រង់ បានបន្ថែមថា «ខ្ញុំមានតែពាក្យអរគុណនិងសូមអភ័យទោសបងប្អូនទាំងអស់ដែលគាំទ្រ និងបងប្អូនទាំងអស់ដែលរិះគន់ក្នុងន័យស្ថាបនា»៕

មតិយោបល់