ព័ត៌មានជាតិ

កម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកុំប៉ាស៊ូ ដែលធ្វើឱ្យមានភ្លៀងនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ដោយកម្ពុជានឹងទទួលរងឥទ្ធិពលព្យុះកុំប៉ាស៊ូ ដែលធ្វើឱ្យមានភ្លៀងនិងខ្យល់កន្ត្រាក់ ដើម្បីបញ្ចៀសផលប៉ះពាល់នានាដែលកើតមានឡើងជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសធាតុចាប់ពីថ្ងៃទី ១៣ដល់១៩ ខែតុលា ឆ្នាំ២០២១ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា ក្រោយពីឆ្លងកាត់ប្រទេសហ្វីលីពីននៅថ្ងៃទី១២ ខែតុលា ព្យុះកុំប៉ាស៊ូ (KOMPASU) លើកទី១៨បានកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូងនិងមានទិសដៅឆ្ពោះមកខាងលិច ។ តែនៅថ្ងៃទី១៣និង១៤ ព្យុះកុំប៉ាស៊ូ នឹងចូលមក កោះហាយណាំ បន្ទាប់មកចូលខេត្តត្រាវិញប្រទេសវៀតណាមនិងចុងក្រោយថយឥទ្ធិពលជាវិសម្ពាធមកលើប្រទេសឡាវ ។ ដោយឡែកក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវបណ្តាឥទ្ធិពល មាននៅថ្ងៃទី១៣និង១៤ ខែតុលា ឥទ្ធិពលពីជ្រលងនៃព្យុះKOMPASU 2118 ក្នុងកម្រិតមធ្យម ។ នៅថ្ងៃទី១៥ដល់១៧ ខែតុលា ឥទ្ធិពលខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង ។ នៅថ្ងៃទី១៨និង១៩ ខែតុលា ទ្រនុងសម្ពាធខ្ពស់ចិន និងរំកិលចុះមកក្រោម មកដល់ភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជាយើង ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមា មានពី ២២ទៅ២៤°C និងសីតុណ្ហភាព អតិបរមា មានពី ២៩ទៅ៣១°C ហើយអាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម តែនៅថ្ងៃទី១៣-១៤ ខែតុលា នឹងអាចមានភ្លៀង ធ្លាក់ក្នុងកម្រិតបង្គួរ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យមមានជាអាទិ៍ ខេត្តប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ខេត្តតាកែវ ព្រៃវែងនិងរាជធានីភ្នំពេញ ។

រីឯបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមា មានពី ២១ទៅ២៣°C និងសីតុណ្ហភាពអតិបរមា មានពី ២៩ទៅ ៣១°C អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ចំណែកឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២ទៅ២៤°C និងសីតុណ្ហភាពអតិបរមា មានពី ២៨ទៅ៣០°C ហើយអាចនឹង មានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន ។ តែនៅថ្ងៃទី១៣ដល់១៥ ខែតុលា អាចមានភ្លៀងច្រើននិងមានខ្យល់កន្ត្រាក់ ក្នុងល្បឿនខ្លាំង និងរលកសមុទ្រខ្ពស់មានជាអាទិ៍ ខេត្តកោះកុង ព្រះសីហនុ កំពត ខេត្តកែប ៕

មតិយោបល់