(វ៉ាស៉ីនតោន)៖ កងទ័ពជើងទឹកអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបាននិយាយថា បុគ្គលិកដែលមិនព្រមទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នឹងត្រូវបណ្តេញចេញ មុនថ្ងៃផុតកំណត់ថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខនេះ សម្រាប់ការចាក់វ៉ាក់សាំង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កងទ័ពជើងទឹកអាមេរិកបានបញ្ជាក់ថាកាតព្វកិច្ចចាក់វ៉ាក់សាំង ត្រូវបានដាក់ចេញសម្រាប់សមាជិកយោធាទាំងអស់ ហើយកងទ័ពជើងទឹកបានប្រកាសពីផែនការ ដើម្បីចាប់ផ្តើមដំណើរការបណ្ដេញ អ្នកដែលបដិសេធមិនទទួលការចាក់វ៉ាក់សាំងចេញ ដោយគ្មានការរង់ចាំ ឬការលើកលែងណាមួយឡើយ។
សេចក្តីថ្លែងការណ៍ដដែលបាននិយាយបន្ថែមថា អ្នកដែលត្រូវបានគេបណ្តេញចេញ ដោយការបដិសេធមិនទទួលការចាក់វ៉ាក់សាំង នឹងទទួលបានការបណ្តេញចេញ «ប្រកបដោយកិត្តិយស» ប៉ុន្តែក៏អាចបាត់បង់ផលប្រយោជន៍ជាក់លាក់ ឬត្រូវបង្ខំឱ្យសងថ្លៃដើមបណ្តុះបណ្តាល និងការអប់រំក្នុងករណីខ្លះផងដែរ។
បើតាមកងទ័ពជើងទឹកអាមេរិក ៩៨ភាគរយនៃសមាជិកសកម្មចំនួន ៣៥០,០០០នាក់របស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងរួចរាល់ ហើយរបាយការណ៍ចុងក្រោយបំផុតមួយ បានឱ្យដឹងថាកងទ័ពជើងទឹកចំនួន ១៦៤នាក់បានស្លាប់ដោយសារជំងឺ COVID-19 គិតចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ បានចាប់ផ្តើមផ្ទុះឡើង ហើយក្នុងចំណោមអ្នកស្លាប់ មាន ១៤៤នាក់ត្រូវបានគេដឹងថា មិនបានទទួលការចាក់វ៉ាក់សាំងឡើយ៕
ប្រភព៖ Reuters
មតិយោបល់