ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ សង្ឃឹមថា ទាំងការព្យាបាលជំងឺកូវីដ១៩ រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តឬក៏នៅតាមផ្ទះក្តី នឹងប្រព្រឹត្តទៅបានយ៉ាងល្អដើម្បីឈានទៅការបើកប្រទេសឡើងវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ឥឡូវនេះយើងលែងធ្វើតេស្តដោយបិទភូមិ បិទរោងចក្រ ដើម្បីធ្វើតេស្តរហ័សទៀតហើយ ប៉ុន្តែយើងមានទីតាំងជាប្រចាំដើម្បីឱ្យប្រជាពលរដ្ឋដែលសង្ស័យមានជំងឺ covid 19 អាចទៅធ្វើតេស្តដោយខ្លួនឯងនៅទីតាំងនានាដែលក្រុមគ្រូពេទ្យបានប្រចាំការ »។នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារជាសំឡេងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១នេះ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា «ប្រសិនមានការឆ្លងកូវីដ១៩ ក្រុមគ្រូពេទ្យ និងអ្នកជំងឺត្រូវពិភាក្សាគ្នា ដើម្បីអាចព្យាបាលនៅតាមផ្ទះឬក៏ទៅព្យាបាលនៅតាមមន្ទីរពេទ្យ អាស្រ័យទៅលើស្ថានភាពធ្ងន់ឬក៏ស្រាល» ។

សំរាប់ព្យាបាលតាមផ្ទះ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិនានាត្រូវចេះសាមគ្គីគ្នា ជួយគ្នាកុំរើសអើងអ្នកជំងឺកូវីដ១៩ ត្រូវចេះមានវប្បធម៌ជួយគ្នានៅក្នុងគ្រាលំបាក។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ផ្ទុយទៅវិញ អ្នកដែលកើតជំងឺកូវីដ19 នឹងក្លាយទៅជាអ្នកដែលអាចប្រឆាំងជំងឺ covid-19 »។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា «បណ្ដាប្រទេសមួយចំនួនគេបានយកអ្នកដែលធ្លាប់ឆ្លងជំងឺ covid-19 ហើយ សម្រាប់ព្យាបាល បម្រើដល់អ្នកជំងឺកូវីដ១៩ ដែលទើបតែកើតថ្មីៗទៅវិញ ដោយសារតែអ្នកដែលធ្លាប់កើតជំងឺកូវីតនោះ មានអង្គបដិបក្ស ឬហៅថាប្រព័ន្ធការពារសម្រាប់ប្រឆាំងនឹងជំងឺកូវីដទៀតផង»។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសង្ឃឹមថា ទាំងការព្យាបាលជំងឺកូវីដ១៩ រាជធានីភ្នំពេញ និងតាមបណ្ដាខេត្តឬក៏នៅតាមផ្ទះក្តី នឹងប្រព្រឹត្តទៅបានយ៉ាងល្អដើម្បីឈានទៅការបើកប្រទេសឡើងវិញ ក្នុងពេលដែលវិស័យកសិកម្ម និងសេវាកម្មបានដំណើរការយ៉ាងល្អ វិស័យសេវានឹងបើកឡើង ដូចដែលយើងបានបើកសាកល្បងនូវកាលភ្ជ៉ុបិណ្ឌនិងថ្ងៃសៅរ៍អាទិត្យកន្លងទៅនេះ ដែលមានប្រជាពលរដ្ឋប្រមាណ ១៤ម៉ឺន នាក់បានដើរលេងកម្សាន្ត៕

 

មតិយោបល់