ព័ត៌មានជាតិ

លោក ឌូតើតេ៖ បើមានមនុស្សណាម្នាក់ត្រូវដើរចូលពន្ធនាគារ នោះគឺជារូបខ្ញុំ ហើយខ្ញុំទទួលខុសត្រូវទាំងស្រុងលើសង្រ្គាមប្រឆាំងគ្រឿងញៀន

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេបាននិយាយថាលោកគឺជាអ្នកទទួលខុសត្រូវទាំងស្រុងលើសង្រ្គាមប្រឆាំងគ្រឿងញៀន ដែលបានសម្លាប់ជីវិតមនុស្ស រាប់ពាន់នាក់ ដោយបញ្ជាក់ថាលោកគឺជាអ្នកដើរចូលពន្ធនាគារ។ ប៉ុន្តែលោកនៅតែប្រកាន់ជំហរដដែលថានឹងមិនត្រូវបានកាត់ទោសដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ។

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ឌូតើតេ បានបញ្ជាក់ថា «ប្រសិនបើត្រូវមានមនុស្សណាម្នាក់ត្រូវដើរចូលពន្ធនាគារ នោះគឺជារូបខ្ញុំ ហើយខ្ញុំសូមទទួលខុសត្រូវទាំងស្រុង»។ លោកបន្ថែមដោយរំលឹកពាក្យសម្ដីដែលលោកធ្លាប់លើកឡើងកាលពីប៉ុន្មានឆ្នាំមុនទៀតថា «ប្រសិនបើនរណាបំផ្លាញប្រទេសរបស់ខ្ញុំ, បំផ្លាញយុវជនដោយគ្រឿងញៀន និងប្រសិនបើអ្នកបំផ្លាញប្រទេសមួយនេះ ខ្ញុំនឹងសម្លាប់អ្នកចោល»។

ការកត់សម្គាល់ខាងលើរបស់លោក ឌូតើតេ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ក្រសួងយុត្តិធម៌ហ្វីលីពីនបានឱ្យដឹងថានឹងពិនិត្យឡើងវិញលើសង្រ្គាមប្រឆាំង គ្រឿងញៀនក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ដែលបានសម្លាប់មនុស្សច្រើនជាង ៦,០០០នាក់ ជាប់សង្ស័យនឹងបទល្មើសគ្រឿងញៀន៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់