ព័ត៌មានជាតិ

អូស្ត្រាលី លុបចោលការរឹតត្បិតការធ្វើដំណើរទៅក្រៅប្រទេស សម្រាប់អ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ចាប់ពីសប្ដាហ៍ក្រោយតទៅ

(កង់បេរ៉ា)៖ ប្រជាជនអូស្ត្រាលីភាគច្រើនអាចចាកចេញពីប្រទេសដោយសេរី ចាប់ពីខែវិច្ឆិកាខាងមុខនេះតទៅ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញរួចរាល់។

ការប្រកាសខាងលើធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលអូស្រ្តាលី កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការកែប្រែច្បាប់មួយ ដែលត្រូវបានបង្កើតឡើងកាលពីខែមីនា ឆ្នាំ២០២០កន្លងទៅនេះ ក្នុងគោលដៅរឹតត្បឹតការធ្វើដំណើរអន្តរជាតិ ក្នុងអំឡុងពេលមានជំងឺ COVID-19។ នេះមានន័យថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះតទៅ ជនជាតិអូស្ត្រាលីដែលបានទទួល ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញរួចរាល់ នឹងអាចចាកចេញពីប្រទេសដោយសេរីជាលើកដំបូង គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ។

ប៉ុន្តែ អ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង គឺនឹងនៅតែត្រូវដាក់ពាក្យសុំជាមួយនាយកដ្ឋានកិច្ចការផ្ទៃក្នុង ដើម្បីចាកចេញពីប្រទេស ហើយនឹងត្រូវប្រឈមមុខ វិធានការចត្តាឡីស័កយ៉ាងតឹងរ៉ឹង នៅពេលពួកគេត្រលប់មកវិញ៕

ប្រភព៖ Reuters

 

មតិយោបល់