ព័ត៌មានជាតិ

ប្រធានាធិបតីតៃវ៉ាន់ ទទួលស្គាល់ថាយោធាអាមេរិកធ្លាប់ឈរជើង នៅលើទឹកដីរបស់ខ្លួន

(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានទទួលស្គាល់ថាកងទ័ពអាមេរិកមួយក្រុមតូចពិតធ្លាប់បានឈរជើងនៅដែនកោះមួយនេះ ដើម្បី បណ្ដុះបណ្ដាលយោធាតៃវ៉ាន់ប្រាកដមែន ដែលនេះធ្វើឱ្យលោកស្រីក្លាយជាប្រធានាធិបតីតៃវ៉ាន់ដំបូងគេបំផុតទទួលស្គាល់វត្ដមានយោធាអាមេរិក ក្នុងរយៈពេល រាប់ទសវត្សរមកនេះ។

ការទទួលស្គាល់ខាងលើរបស់លោកស្រី Tsai Ing-wen ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ និងបន្ទាប់ពីសារព័ត៌មាន Financial Times បានរាយការណ៍មុនគេថាកងកុម្ម៉ង់ដូរពិសេសអាមេរិកបានបណ្ដុះបណ្ដាយោធាតៃវ៉ាន់យ៉ាងហោចរយៈពេលមួយឆ្នាំ មកនេះ។

លោកស្រី Tsai បានបញ្ជាក់ថាកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកមានភាពទូលំទូលាយ ជាពិសេសលើវិស័យការពារជាតិ។ ប៉ុន្តែនៅពេលត្រូវបានសាក សួរថាតើកងទ័ពអាមេរិកមានចំនួនប៉ុន្មាន លោកស្រីមិនបានបង្ហើបឱ្យដឹងនោះទេ ដោយគ្រាន់តែអះអាងថាលោកស្រីមានជំនឿចិត្តថាសហរដ្ឋអាមេរិកនឹងចូលជួយ កោះតៃវ៉ាន់ បើសិនបើកការវាយប្រហារណាមួយ៕

ប្រភព៖ CNN

មតិយោបល់