ព័ត៌មានជាតិ

ផ្តន្ទាទោសប្តីប្រពន្ធពីរនាក់ ដាក់ពន្ធនាគារ៧ឆ្នាំ ពាក់ព័ន្ធរឿងសញ្ចារកម្ម

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ហេង សុខណា ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ជនជាប់ចោទ ពីរនាក់ប្តីប្រពន្ធដាក់ពន្ធនាគារកំណត់រយៈពេលក្នុងម្នាក់ៗ៧ឆ្នាំ អនុវត្តទោសក្នុងពន្ធនាគាររយៈពេល៥ឆ្នាំ ទោសសល់ត្រូវព្យួរធម្មតា និងតម្រូវឲ្យជនជាប់ចោទរួមគ្នាសងជំងឺចិត្តទៅជនរងគ្រោះចំនួន៥នាក់ សរុប១០លានរៀល ក្រោមចោទប្រកាន់ពីបទ សញ្ចារកម្មមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងចារី ប្រព្រឹត្តលើបុគ្គលច្រើននាក់ធ្វើពេស្យាចារ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ នៅផ្ទះលេខ៤៣០ ផ្លូវ៣៧២ ក្រុម៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញមាត្រា ២៨៤ និងមាត្រា ២៨៨នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទទី១ឈ្មោះ ផាម ទ្រីភឿង ហៅ ហាយ ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ ម្ចាស់ហាងកាហ្វេណាត់ជួប ជនជាតិវៀតណាម (ជាប្រពន្ធ) និងទី២ឈ្មោះ ដួង លីម ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរ ជាអ្នករត់រឺម៉កម៉ូតូកង់៣ ជនជាតិខ្មែរ (ជាប្តី)។

នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅជនជាប់ចោទឈ្មោះ ផាម ទ្រីភឿង បានសារភាពថា ខ្លួនពិតជាបានបើកហាងកាហ្វេបង្កប់សេវាកម្មផ្លូវភេទមែន ដោយស្ត្រីជាអ្នករត់តុកាហ្វេចំនួន៦នាក់ មានជនជាតិខ្មែរ ២នាក់ និងជនជាតិវៀតណាម ៤នាក់ ជាស្ត្រីរកស៊ីផ្លូវភេទ។ ជនជាប់ចោទបន្តថា នៅពេលស្ត្រីទាំង៦នាក់ទៅដេកជាមួយភ្ញៀវ នៅផ្ទះសំណាក់យីហោ ស្លឹកមាស នៅជិតហាង គឺយកតម្លៃ៥មឺនរៀល ហើយជនជាប់ចោទដកយក១មឺនរៀន ប្រសិនបើស្ត្រីទាំងនោះទៅដេកជាមួយភ្ញៀនមួយយប់៥០ដុល្លារ ជនជាប់ចោទដកយក២០ដុល្លារ។

ដោយឡែកជនជាប់ចោទឈ្មោះ ដួង លីម បានសារភាពខ្លួនជាអ្នកដឹកស្ត្រីរកស៊ីផ្លូវភេទទាំង៦នាក់ទៅដេកជាមួយភ្ញៀវនៅផ្ទះសំណាក់ស្លឹកមាស។

យោងតាមចម្លើយជនរងគ្រោះបានឲ្យដឹងថា ពួកនាងទាំង៦នាក់បានមករស់នៅជាមួយជនជាប់ចោទទាំង២នាក់ខាងលើក្នុងហាងកាហ្វេយីហោណាត់ជួប ដោយមិនយកប្រាក់ខែនោះទេ ប៉ុន្តែពួកនាងអាចរកភ្ញៀវទៅបម្រើសេវកម្មផ្លូវភេទបាន ដោយម្តងទទួលបានប្រាក់ ៥មឺនរៀល ចេញថ្លៃផ្ទះសំណាក់១ម៉ឺនរៀល និងឲ្យចែហាយ១ម៉ឺនរៀល។ ចម្លើយបានបញ្ជាក់ថា បើភ្ញៀវយកទៅដេកនៅក្រៅត្រូវយក៥០ដុល្លារ រួចដកឲ្យចែហាយ២០ដុល្លារ។ ជនជនរងគ្រោះចំនួន ៥នាក់បានទាមទារសំណងជំងឺចិត្តក្នុងម្នាក់ៗចាប់ពី៥លានរៀល ទៅ១០លានរៀល៕

មតិយោបល់