អកត្រីក្បាលប្រផេះ មានឈ្មោះជាភាសាអង់គ្លេស Grey-headed Fish-Eagle និង ឈ្មោះវិទ្យាសាស្រ្តហៅថា Ichthyophaga icthyaetus។ អកត្រីក្បាលប្រផេះ ជាប្រភេទជិតទទួលរងការគំរាមកំហែងលើពិភពលោក ចុះក្នុងបញ្ជីក្រហមរបស់ IUCN ហើយប្រភេទនេះមានវត្តមាននៅ ឥណ្ឌា នេប៉ាល់ ស្រីលង្កា បង់ក្លាដេស មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី សង្ហបូរី ប៊្រុយណេ ឥណ្ឌូនេស៊ី និងកម្ពុជាយើង។ វាមានប្រវែងខ្លួន ៦៩-៧៤ស.ម មាឌធំ កវែងជាងអកដទៃ ក្បាលប្រផេះ សម្បុរត្នោតចាស់ ចុងកន្ទុយខ្មៅ ពោះ និង កន្ទុយស ដើមទ្រូងពណ៌ត្នោតចាស់ ស្លាបផ្នែកក្រោមពណ៌ខ្មៅ។
ទីជម្រក៖ ត្រពាំង ស្ទឹង ព្រៃលិចទឹកទន្លេធំៗ ជាពិសេស នៅតំបន់បឹងទន្លេសាប ហើយចំណីរបស់វាគឺ ត្រី និងប្រភេទពស់ទឹក។
រដូវបន្តពូជ៖ ចាប់ពីខែវិច្ឆិការ ដល់ ខែកុម្ភៈ មានពងតែ២ប៉ុណ្ណោះ។ ការរស់នៅរបស់សត្វប្រភេទនេះ ត្រូវការដែនធំ ហេតុដូចនេះការបាត់បង់ទីជម្រក និងចំណីអាហារគឺជាការគំរាមកំហែង ដ៏ខ្លាំងបំផុតមកលើប្រភេទនេះ។
តាមរយៈការអនុវត្តកម្មវិធីពិនិត្យអង្កេតតាមដានចំនួនប្រភេទនេះ នៅតំបន់រ៉ាមសារព្រែកទាល់លើទំហំផ្ទៃដីជាង២ម៉ីនហិកតា មានវត្តមានសត្វប្រភេទនេះប្រមាណជា ៤០គូ កំពុងរស់នៅ និងបន្តពូជ។ អកត្រីក្បាលប្រផេះនេះក៏មានវត្តមាននៅតំបន់ការពារធម្មជាតិផ្សេងទៀតដែរ។ បច្ចុប្បន្ន អ្នកអភិរក្សបាន និងកំពុងបន្តសិក្សាស្រាវជ្រាវបន្ថែមទៀតលើរភេទបក្សី អកត្រីក្បាលប្រផេះនេះ។ គេមិនទាន់ដឹងថា អកត្រីក្បាលប្រផេះនេះមានចំនួនប៉ុន្មានពិតប្រាកដនៅកម្ពុជាទេ តែចំនួនសរុបទូទាំងពិភពលោកមានចន្លោះពី ១០ ០០០ ទៅ ១០០ ០០០ ក្បាល។
ប្រភព៖ ឯកឧត្តម នេត្រ ភក្រ្តា
មតិយោបល់