កាលពីពេលថ្មីៗនេះ ហ្វូងសត្វខ្ទីងដែលមានទាំងសត្វខ្ទីងធំ សត្វខ្ទីងតូចៗជាច្រើនត្រូវបានក្រុមអ្នកស្រាវជ្រាវនៃក្រសួងបរិស្ថានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិបង្ហាញវត្តមាននៅក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជា។ វត្តមាននៃកូនសត្វខ្ទីងជាច្រើន គឺជាក្តីសង្ឃឹមថ្មីមួយសម្រាប់ក្រុមអ្នកអភិរក្សនិងសម្រាប់ជីវៈចម្រុះពិភពលោក ខណៈសត្វខ្ទីងត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វងាយរងគ្រោះនៅលើពិភពលោក ហើយចំនួនរបស់វាត្រូវបានកត់សម្គាល់ថាមាននិន្នាការធ្លាក់ចុះនៅទូទាំងពិភពលោក។
មិនទាន់មានទិន្នន័យច្បាស់លាស់ថានៅកម្ពុជានៅសល់សត្វខ្ទីងចំនួនប៉ុន្មានឡើយ តែយោងតាម ទិន្នន័យទទួលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិ និងការពីមន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតនៅតាម តំបន់ការពារធម្មជាតិនានា សត្វខ្ទីងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិនានា។ នៅក្នុងហ្វូង ខ្ទីងដែលថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ គឺមានវត្តមានកូនខ្ទីងនិងសត្វខ្ទីងជំទង់ជាច្រើនដែលនេះបង្ហាញថាសត្វខ្ទីងបន្តមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបានបន្តពូជបង្កើតកូនតូចៗជាច្រើនដែលជាផ្នែកមួយនៃការរក្សាបានប្រភេទពូជសត្វដ៏កម្ររបស់ពិភពលោកនៅកម្ពុជា និងការថែរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាពសម្រាប់ពួកគេរស់នៅ និងការចូលរួមអភិរក្សជីវៈចម្រុះពិភពលោក។
ប្រវត្តិរបស់សត្វខ្ទីងធ្លាប់មានវត្តមាននៅតាមតំបន់ព្រៃក្នុងតំបន់អាស៊ីភាគខាងត្បូងនិងភាគអាគ្នេយ៍ និងប្រទេសស្រីលង្កា។ ចំនួនសត្វខ្ទីងត្រូវបានសិក្សាថាមានការថយចុះជាង ៨០% ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ ហើយសត្វខ្ទីងនៅលើពិភពលោកបានថយចុះប្រមាណ ៩០% ចាប់ពីពាក់កណ្តាលសតវត្សរ៍ទី២០មក។ តាមការសិក្សារបស់អ្នកជំនាញ សត្វខ្ទីងនៅកម្ពុជាមានការធ្លាក់ចុះប្រមាណជាង ៥០% នៅក្នុងអំឡុង ពេលចន្លោះពីឆ្នាំ ១៩៦០ មកដល់ដើមឆ្នាំ ១៩៩០។ ចំនួននេះត្រូវបានរកឃើញថាមានការធ្លាក់ចុះបន្ថែមទៀតរហូតមកដល់ពេលនេះ។ បើទោះបីជាការសិក្សាបានបង្ហាញថាចំនួនសត្វខ្ទីងនៅកម្ពុជាមានការថយចុះស្របតាមនិន្នាការនៃការថយចុះរបស់ពិភពលោក តែរបាយ ប្រជាសាស្ត្រសត្វខ្ទីងមាននៅស្ទើរគ្រប់តំបន់ការពារធម្មជាតិនានា ហើយវត្តមាននៃកូនខ្ទីងតូចៗ និងខ្ទីងវ័យជំទង់ច្រើន ដែ
លថតបានក្នុងតំបន់ការពារធម្មជាតិ គឺជាក្តីសង្ឃឹមដ៏មុតមាំពីការបន្តពូជនិងការរីកធំនៃគ្រួសារសត្វខ្ទីង។
យោងតាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ ចំនួនប្រជាសាស្ត្រនៃសត្វខ្ទីងនៅលើពិភពលោកត្រូវបានគេប៉ាន់ស្មានថា មានចន្លោះពី ១៥ ០០០ ទៅ ៣៥ ០០០ ក្បាល ហើយក្នុងនោះ បើយោងតាមទិន្នន័យទីវាល ចំនួនសត្វខ្ទីងពេញវ័យអាចមានចន្លោះពី ៦ ០០០ ទៅ ២១ ០០០ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះ ខ្ទីងកំពុងមានវត្តមានរស់នៅក្នុងប្រទេសប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃនិងវៀតណាម ប៉ុន្តែបានផុតពូជនៅក្នុងប្រទេសស្រីលង្កា និងប្រទេសបង់ក្លាដេស។
យោងតាមជីវសាស្ត្រ សត្វខ្ទីងអាចរស់នៅបានពីតំបន់ទំនាបរហូតដល់រយៈកម្ពស់ខ្ពស់រហូតដល់កម្ពស់ជាង ២០០០ម៉ែត្រ ហើយសត្វខ្ទីងរស់នៅក្នុងតំបន់មួយចំនួនដូចជាតំបន់ទេសភាពខ្ពង់រាបខាងកើត និងតំបន់ជួរភ្នំក្រវ៉ាញជាដើម។ តំបន់ខ្លះមានសត្វខ្ទីងចំនួនច្រើនដូចជានៅក្នុងតំបន់ដែន ជម្រកសត្វព្រៃក្នុងខេត្តមណ្ឌលគិរីជាតំបន់ដែលមានសត្វខ្ទីងរស់នៅច្រើននៅអំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៩០ ចន្លោះពីជាង ៥០០ ទៅជាង ១០០០ក្បាល តែចំនួននេះបានថយចុះនៅពេលបច្ចុប្បន្ន។ នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ត្រូវបានប៉ានស្មានថាមានសត្វខ្ទីងប្រមាណជាង ១០០ក្បាលនៅឆ្នាំ២០២០កន្លងទៅ ខណៈនៅឆ្នាំ ២០១០ មានសត្វខ្ទីងប្រមាណ ៥០០ក្បាលរស់នៅ។
សត្វខ្ទីងចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ និងវាលស្មៅ ហើយសត្វខ្ទីងតែងតែចេញរកស៊ីនៅពេលព្រឹក និងពេលល្ងាច។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូង ហើយអាហាររបស់វា គឺល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ៍ជាដើម។ សត្វខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពពោះរយៈពេល ៩ខែ។ សត្វខ្ទីងញីពេញវ័យអាចមានទម្ងន់រហូតដល់ជិត ១ តោន ខណៈខ្ទីងឈ្មោលអាចមានទម្ងន់ដល់ ១,៥ តោន។
ប្រភព៖ ឯកឧត្តម នេត្រ ភក្រ្តា
មតិយោបល់