ព័ត៌មានជាតិ

ប្រមុខការទូតអឺរ៉ុប ប្រាប់បេឡារុស កុំឱ្យប្រើប្រាស់មនុស្សជាអាវុធ ចំពោះមុខវិបត្តិជនអន្តោប្រវេសន៍

(ម៉ូស្គូ)៖ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បានប្រាប់ភាគីបេឡារុស កុំឱ្យប្រើប្រាស់មនុស្សជាអាវុធ នៅចំពោះ មុខវិបត្តិជនអន្តោប្រវេសន៍ក្នុងតំបន់អឺរ៉ុប និងការព្រមានពីការផ្ទុះជម្លោះប្រដាប់អាវុធ។

លោក Josep Borrell ធ្វើការកត់សម្គាល់ខាងលើនៅក្នុងជំនួបតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសបេឡារុស លោក Vladimir Makei កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

នៅក្នុងសារមួយបង្ហោះលើគណនី Twitter លោក Borrell បានបញ្ជាក់យ៉ាងខ្លីថាជីវិតមនុស្សត្រូវតែត្រូវបានការពារ។ ស្ថានការណ៍បច្ចុប្បន្ន គឺជារឿង មិនអាចទទួលយកបាន និងត្រូវតែបញ្ឈប់ជាបន្ទាន់។ មនុស្សមិនគួរត្រូវបានប្រើប្រាស់ជាអាវុធនោះទេ»។

ជំនួបរវាងលោក Borrell និងរដ្ឋមន្ត្រីការបរទេសបេឡារុស ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងសហភាពអឺរ៉ុបប្រកាសពីផែនការ ដាក់ទណ្ឌកម្មថ្មីលើបេឡារុស ដោយចោទថារដ្ឋាភិបាលទីក្រុងមីនស្ដិ៍ មានជាប់ពាក់ព័ន្ធនឹងការបង្កឱ្យមានវិបត្តិអន្តោប្រវេសន៍ជាការសងសឹកទៅនឹង ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ ប៉ុន្តែ បេឡារុសបានច្រានចោលការចោទប្រកាន់បែបនេះ ហើយថាការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបគឺជា ទង្វើខុសច្បាប់៕

ប្រភព៖ AFP

មតិយោបល់