ព័ត៌មានជាតិ

ក្រុមហ៊ុន GoDaddy ប្រកាសអំពីការជ្រៀតចូលដែលប៉ះពាល់ដល់សេវាកម្ម WordPress

កាលពីម្សិលមិញនេះ ក្រុមហ៊ុន GoDaddy បានប្រកាសអំពីការជ្រៀតចូលទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យរបស់សេវាកម្ម WordPress កាលពីខែកញ្ញាដោយប្រើលេខសម្ងាត់ដែលបានបែកធ្លាយ។ នៅក្នុងការវាយប្រហារនេះ ក្រុមជនខិលខូចបានលួចទាញយកគណនីអុីមែល និងលេខសម្គាល់អតិថិជនចំនួនប្រមាណ ១,២ លាននាក់ ដែលពួកគេអាចប្រើអុីមែលទាំងនោះដើម្បីធ្វើការបោកបញ្ឆោតជនរងគ្រោះនៅពេលក្រោយបាន។ ជាងនេះទៅទៀតឈ្មោះសម្គាល់គណនី និងលេខសម្ងាត់ សម្រាប់ចូលទៅក្នុងប្រព័ន្ធ sFTP និងផ្ទុកទិន្នន័យជាច្រើនក៏ត្រូវបានបែកធ្លាយ ប៉ុន្តែបច្ចុប្បន្នក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ទាំងនោះហើយ។

នេះមិនមែនជាលើកទីមួយទេដែលទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនត្រូវបានបែកធ្លាយដោយសារតែបញ្ហាសុវត្ថិភាពរបស់ក្រុមហ៊ុន GoDaddy ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ នៅឆ្នាំ ២០១៨ ភាពចន្លោះប្រហោងនៅក្នុងប្រព័ន្ធ AWS បានធ្វើឱ្យទិន្នន័យនៅលើម៉ាស៊ីនមេ GoDaddy ត្រូវបានបែកធ្លាយ ហើយនៅឆ្នាំ២០២០ គណនីអ្នកប្រើប្រាស់ចំនួន ២៧ ០០០ ត្រូវបានជ្រៀតចូលដោយគ្មានការអនុញ្ញាត។

ដើម្បីចៀសវាងពីការជ្រៀតចូល នាយកដ្ឋានសូមធ្វើការក្រើនរំឮកជាថ្មីឱ្យអ្នកប្រើប្រាស់ប្រើលេខសម្ងាត់ដែលពិបាកនឹងស្មាន ហើយម្យ៉ាងវិញទៀតលោកអ្នកត្រូវតែចៀសវាងប្រើលេខសម្ងាត់ដូចៗគ្នាពីគណនីមួយទៅគណនីមួយទៀត ព្រោះនេះអាចឱ្យជនខិលខូចចូលទៅក្នុងគណនីទាំងអស់របស់លោកអ្នកបានក្នុងករណីដែលលេខសម្ងាត់របស់គណនីណាមួយត្រូវបានបែកធ្លាយ៕

 

ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

មតិយោបល់