ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្មករកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ ស៊ិនហាវស៊ុន ប្រហែល៥០០នាក់ បានផ្ទុះការតវ៉ាចេញមកឈរត្រៀបត្រា ពេញមុខរោងចក្រ បង្កឲ្យមានការភ្ញាក់ដល់អ្នកដំណើរនិងសមត្ថកិច្ចដែលស្ថិតនៅផ្លូវ៣៧១សឡា ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមសម្តីរបស់ក្រុមកម្មករ ដែលមកមកឈរតវ៉ានៅមុខរោងចក្រនេះ បានប្រាប់ឲ្យដឹងថា មូលហេតុដែលពួកគាត់ផ្ទុះការតវ៉ា ជាមួយនិងថៅកែរោងចក្រកាត់ដេរនេះ គឺដោយសារតែក្រុមហ៊ុន បានបញ្ឈប់តំណាងកម្មករម្នាក់ ហើយពួកគាត់ក៏បានទាមទារលក្ខខណ្ឌរវាងកម្មករនិងក្រុមហ៊ុនចំនួន៥ចំណុចរួមមាន ៖ ទី១: ទាមទារប្រាក់បំណាច់ឆ្នាំ ទី២: ប្រាក់អតីតភាព ទី៣: ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ ទី៤: ទាមទារច្បាប់ការងាររបស់ក្រសួងការងារឲ្យបានត្រឹមត្រូវ និងទី៥: ទាមទារឲ្យមានតំណាងកម្មករ។
ចំពោះការតវ៉ាទាមទាររបស់ក្រុមកម្មករខាងលើនេះ គេពុំឃើញមានវត្តមានថៅកែក្រុមហ៊ុន ឬអ្នកតំណាងក្រុមហ៊ុនណាម្នាក់ ចេញមុខមកដោះស្រាយជាមួយកម្មករនោះទេ។
ដោយកម្មករទាំងនោះ បានបញ្ជាក់យ៉ាងច្បាស់ប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា បើគ្មានដំណោះស្រាយនោះទេ ពួកគាត់នៅតែបន្តធ្វើការតវ៉ា នៅមុខរោងចក្រជានិច្ច លុះត្រាណាមានដំណោះស្រាយគ្នា រវាងម្ចាស់ក្រុមហ៊ុនកាត់ដេរស៊ិនហាវស៊ុន ជាមួយនិងពួកគាត់ ទើបពួកគាត់ចូលធ្វើការវិញ៕
មតិយោបល់