ព័ត៌មានជាតិ

អង់គ្លេស ដាក់ចេញកាតព្វកិច្ចពាក់ម៉ាសឡើងវិញ ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ បំប្លែងថ្មី Omicron

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បាននិយាយថាការពាក់ម៉ាសនឹងក្លាយជាកាតព្វកិច្ចសាជាថ្មី នៅតាមហាងទំនិញ និងសេវាធ្វើដំណើរសាធារណៈនានា នៅក្នុងប្រទេសអង់គ្លេសចាប់ពីសប្ដាហ៍ក្រោយតទៅ ជាផ្នែកមួយនៃវិធានការប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មី Omicron។

បើតាមលោក បូរីស ចនសុន ការធ្វើតេស្ដស្ដង់ដារ PCR សម្រាប់មនុស្សគ្រប់រូបដែលចូលមកក្នុងចក្រភពអង់គ្លេស ក៏នឹងត្រូវដាក់ឱ្យអនុវត្តផងដែរ ហើយរាល់អ្នក ដែលមានជាប់ពាក់ព័ន្ធនឹងករណីឆ្លងវីរុសបំប្លែងថ្មី Omicron នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក ទោះជាបានចាក់វ៉ាក់សាំងបង្ការពេញលេញរួចរាល់ហើយក៏ដោយ។

លោក បន្ថែមថាវិធានការទាំងឡាយនឹងត្រូវអនុវត្តជាបណ្ដោះអាសន្ន និងការជាបង្ការទុកជាមុន។ ប៉ុន្តែនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះអះអាងថាបុណ្យណូអែល
ក្នុងឆ្នាំ២០២១នេះ នឹងមានលក្ខណៈល្អប្រសើរជាងកាលពីឆ្នាំ២០២០។

គួរបញ្ជាក់ថា ការប្រកាសរបស់លោក បូរីស ចនសុន ធ្វើឡើងបន្ទាប់ពី អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស នៅយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានប្រកាសឲ្យដឹងថា មនុស្ស២នាក់ ត្រូវបានរកឃើញថា ឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី Omicron ហើយករណីវីរុសបំប្លែងថ្មីនេះ នៅទីក្រុង Chelmsford និងនៅទីក្រុង Nottingham៕

ប្រភព៖ AFP

មតិយោបល់