(វ៉ាស៊ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោក Anthony Fauci បាននិយាយថាវាដូចជាលឿនពេកហើយដើម្បីដឹងថាតើវីរុស COVID-19 បំប្លែងថ្មី Omicron អាចនឹងធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏យ៉ាងណា។
លោក Anthony Fauci បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះដូច្នេះថា «វាពិតជាពិបាកខ្លាំងណាស់ដើម្បីដឹងថា តើវីរុសបំប្លែងថ្មីនេះ (Omicron) អាចបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏យ៉ាងណា»។ លោកបន្តថាទិន្នន័យបឋមមកពីអាហ្វ្រិកខាងត្បូងបង្ហាញថាអ្នកដែលបានឆ្លង វីរុសបំប្លែងថ្មី មិនមានលេចចេញនូវរោគសញ្ញាខុសធម្មតាអ្វីនោះទេ ដូច្នេះយើងពិបាកដឹង ហើយវាដូចជាលឿនពេកក្នុងការនិយាយពីភាពកាចសាហាវរបស់វា។
បើតាមលោក Anthony Fauci គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ, វីរុស COVID-19 បំប្លែងថ្មី Omicron ជាង២២៦ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេស ចំនួន ២០ ហើយសហរដ្ឋអាមេរិកមិនទាន់រកឃើញថាមានករណីឆ្លងវីរុសបំប្លែងថ្មីនេះទេ៕
ប្រភព៖ AFP
មតិយោបល់