ព័ត៌មានជាតិ

ចិន កោះហៅឯកអគ្គរាជទូតជប៉ុន ក្រោយអតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe និយាយថាជប៉ុនគួរចូលជួយតៃវ៉ាន់

(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានកោះហៅឯកអគ្គរាជទូតជប៉ុន ប្រចាំទីក្រុងប៉េកាំង ចូលរួមកិច្ចប្រជុំយ៉ាងបន្ទាន់មួយដើម្បីស្រាយបំភ្លឺ ជុំវិញការអត្ថាធិប្បាយរបស់ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ពាក់ព័ន្ធនឹងកោះតៃវ៉ាន់។

នៅក្នុងអត្ថបទចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលថ្ងៃពុធ ទី០១ ខែធ្នូនេះ លោក Shinzo Abe បានក់តសម្គាល់តាមប្រព័ន្ធវីដេអូទៅកាន់វេទិកាថ្នាក់តំបន់ មួយ រៀបចំឡើងដោយវិទ្យាស្ថាននយោបាយរបស់តៃវ៉ាន់ថា ប្រជុំកោះ Senkaku ឬចិនហៅថា Diaoyu ស្ថិតនៅកៀកកោះតៃវ៉ាន់ ហើយក្នុងនោះដែនកោះ Sakishima និង Yonaguni ដែលមានចម្ងាយតែ ១០០គីឡូម៉ែត្រប៉ុណ្ណោះពីដែនដីតៃវ៉ាន់។ ការស្ថិតកៀកបែបនេះ តម្រូវឱ្យជប៉ុន និងសហរដ្ឋអាមេរិកមិនអាចឈរនៅស្ងៀមឡើយ បើចិនបើការវាយប្រហារណាមួយទៅលើកោះតៃវ៉ាន់ ព្រោះវាក៏អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៅដល់ជប៉ុនផងដែរ។

នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតជប៉ុន លោក Hideo Tarumi, ឧបការីរដ្ឋមន្ត្រីការបរទេសចិន លោកស្រី Hua Chunying បានហៅការថ្លែងរបស់លោក Shinzo Abe ពាក់ព័ន្ធកោះតៃវ៉ាន់ខាងលើនេះថា ជាពាក្យសម្តីខុសឆ្គង និងរំលោភលើបទដ្ឋានជាមូលដ្ឋាន នៃទំនាក់ទំនងរវាងប្រទេសចិន និងជប៉ុន ហើយចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះការលើកឡើងបែបនេះ៕

ប្រភព៖​​​​​​ AFP

 

មតិយោបល់