ព័ត៌មានជាតិ

លោក ចូ បៃដិន សន្យាការពារអ៊ុយក្រែន ខណៈមានការព្រមានថារុស្ស៊ី អាចនឹងបើកការវាយប្រហារនៅ ខែមករា ខាងមុខ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកនឹងធ្វើអ្វីៗគ្រប់យ៉ាតាមដែលអាចធ្វើទៅបាន ដើម្បរារាំងកុំឱ្យរុស្ស៊ីបើកការវាយប្រហារលើ ប្រទេសអ៊ុយក្រែន ដែលក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកព្រមានថាអាចនឹងធ្វើឡើងនៅខែមករា ឆ្នាំក្រោយនេះ។

សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានអះអាងថារុស្ស៊ីបានប្រមូលផ្ដុំកងទ័ពក្នុងចំនួនដ៏ច្រើន នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន និងចោទប្រកាន់ទីក្រុងម៉ូស្គូកំពុងរៀបចំផែនការ វាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន។ ប៉ុន្តែ ខាងរុស្ស៊ីបានច្រានចោលការចោទប្រកាន់បែបនេះ។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ចូ បៃដិន បានបញ្ជាក់ជាថ្មីពីជំហររបស់សហរដ្ឋអាមេរិក ដើម្បីការពារអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថាលោកនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីរារាំង និងបង្កឧបសគ្គកុំឱ្យរុស្ស៊ីអនុវត្តផែនការវាយប្រហារណាមួយ។

រុស្ស៊ីត្រូវបានគេរាយការណ៍ថាបានប្រមូលផ្ដុំកងទ័ពជិត ១០០,០០០នាក់នៅក្បែរព្រំដែនអ៊ុយក្រែន ហើយចំនួនកងទ័ព ដ៏ច្រើននេះកំពុងបង្កការព្រួយបារម្ភថាទីក្រុងម៉ូស្គូកំពុងត្រៀមលក្ខណៈវាយប្រហារលើអ៊ុយក្រែន៕

ប្រភព៖​​​​​​ Reuters

មតិយោបល់