ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និង ចាត់វិធានការច្បាប់ចំពោះលោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឈន៍ជនបទ ពាក់ព័ន្ធការទន្ទ្រានដីព្រៃលិចទឹកប្រមាណ២ពាន់ហិកតា។
នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ។
ក្នុងចំណុច «ក» ក្នុងលិខិតនេះ រាជរដ្ឋាភិបាល បានសម្រេចថា៖
-ប្រគល់ភារកិច្ចជូនអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និង ចាត់វិធានការច្បាប់ចំពោះបុគ្គលឈ្មោះ ឈួរ ច័ន្ទឌឿន អតីតអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ។
-ដកហូតដីរដ្ឋទំហំជាង២ពាន់ហិកតា ដែលស្ថិតក្នុងដែនព្រៃលិចទឹក ដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ស្ថិតនៅឃុំច្រណូក និង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
-ប្រគល់ភារកិច្ចជូនក្រសួងធនធានទឹកនិងឧតុនិយម រៀបចំប៉ាណូផ្សព្វផ្សាយផែនទីដែនព្រៃលិចទឹកតាមស្មារតីនៃ អនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ។
-ប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង រដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំយុទ្ធនាការដាំដើមឈើឡើងវិញ ។
-ប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ , ក្រសួងធនធានទឹកនិងឧតុនិយម , អាជ្ញាធរទន្លេសាប និង រដ្ឋបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការការពារដីរដ្ឋក្នុងដែនព្រៃលិចទឹក ដើម្បីធានានិរន្តភាពនិងត្រូវពង្រឹងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១០ និង អនុក្រឹត្យលេខ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ។
-ប្រគល់ភារកិច្ចជូនអាជ្ញាធរទន្លេសាប និង រដ្ឋបាលខេត្តកំពង់ឆ្នាំង រំលាយព្រំខណ្ឌក្បាលដី និង ដកបង្គោលព្រំដីដែលបានដាំដោយខុសច្បាប់ ។
សូមបញ្ជាក់ថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារសំឡេងមួយរយៈពេលជាង២៣នាទី ដែលក្នុងនោះ សម្តេច មានប្រសាសន៍ថា លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា ៕





មតិយោបល់