(Reuters) - កាលពីថ្ងៃអាទិត្យ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករដែលវាយប្រហារទៅលើមន្ត្រីដោយគប់ដុំថ្ម និងផាវ នៅក្នុងបាតុកម្មក្នុងទីក្រុង Brussels ជុំវិញការរឹតបន្តឹងការពារជំងឺ COVID-19 ដែលកំណត់ដោយរដ្ឋាភិបាល បានក្លាយទៅជាអំពើហិង្សា។
បាតុករដែលមានចំនួនចន្លោះពី ពីរទៅបីពាន់នាក់ បានដើរហែរក្បួនដោយសន្តិវិធីកាត់ចំណុចកណ្តាលរដ្ឋធានីនៃប្រទេសបែលហ្ស៊ិក ឆ្ពោះទៅកាន់សង្កាត់មួយដែលជាទីស្នាក់ការកណ្តាលរបស់ស្ថាប័នសហភាពអឺរ៉ុបតាំងនៅ និងជាចំណុចបញ្ចាប់របស់បាតុកម្ម។
បើតាមភស្តុតាង និងអ្នកយកព័ត៌មានរ៉យទ័រដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅក្នុងទីស្នាក់ការ របស់ស្ថាប័នសហភាពអឺរ៉ុប មានបាតុករមួយក្រុមដែលគ្របក្បាលដោយក្រណាត់ពណ៍ខ្មៅ បានស្រែកថា “សេរីភាព” និងបានចាប់ផ្តើមគប់ដុំថ្មទៅលើនគរបាល ហើយនគរបាលបានតបតវិញដោយ ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក។
បាតុករបានតវ៉ានឹងច្បាប់ដែលបានដាក់ឲ្យអនុវត្តកាលពីខែតុលា ដែលតម្រូវឲ្យបង្ហាញប័ណ្ណចាក់វ៉ាក់សាំង COVID-19 ដើម្បីចូលទៅរង្គសាល និងភោជនីយដ្ឋាន។
អ្នកតវ៉ាម្នាក់ដែលជាគ្រូក្បាច់គុណលោក Alain Sienaort បាននិយាយថា “ខ្ញុំមិនអាចទ្រាំទ្រនឹងការរើសអើងក្នុងទម្រង់ណាមួយបានទេ ហើយពេលបច្ចុប្បន្ននេះការបង្ហាញប័ណ្ណចាក់វ៉ាក់សាំងជាការរើសអើង ហើយការដាក់ទណ្ឌកម្មសម្រាប់បុគ្គលិកសុខាភិបាលដែលមិនបានចាក់វ៉ាក់សាំង ក៏ជាការរើសអើងដែរ មិនតែប៉ុនោះកាតព្វកិច្ចចាក់វ៉ាក់សាំងក៏កំពុងតែឆ្ពោះទៅរកការរើសអើងដែរ” ៕
មតិយោបល់