(រ៉ង់ហ្គូន)៖ ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់លោកស្រី អោង សាន ស៊ូជី មកនៅត្រឹម២ឆ្នាំវិញ បន្ទាប់ពីត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និងបំពានវិធានការទប់ស្កាត់ COVID-19។
បើតាមអ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា លោក Zaw Min Tun កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ តុលាការមីយ៉ាន់ម៉ាបានផ្ដន្ទាទោសលោកស្រី ស៊ូជី ដាក់ពន្ធនាគារ២ឆ្នាំ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និង២ឆ្នាំទៀត ពីបទបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយមានជាប់ពាក់ព័ន្ធ នឹង COVID-19។ ចំណែកឯ លោក Win Myint ជាអតីតប្រធានាធិបតីមីយ៉ាន់ម៉ា ក៏ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ៤ឆ្នាំផងដែរ នៅ ក្រោមបទចោទដូចគ្នាទៅនឹងលោកស្រី ស៊ូជីដែរ
តែនៅយប់ថ្ងៃចន្ទដដែល ស្រាប់តែប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា លោក មីន អោង ហ្លេន បានសម្រេចចិត្តស្នើឱ្យមានការបន្ធូរបន្ថយអ្នក ទាំង២ មកនៅត្រូវជាប់ពន្ធនាគារ ២ឆ្នាំវិញ។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា។ លោកស្រី ស៊ូជី និងលោក Win Myint នឹងត្រូវអនុវត្តទោសជាប់ពន្ធនាគារនៅក្រោមការឃុំខ្លួននៅក្នុងផ្ទះ នៅឯរដ្ឋធានី ណៃពិដោរ តែមិនមានការបញ្ជាក់លម្អិត អ្វីបន្ថែមលើសពីនេះទេ។
ក្រៅពីលោកស្រី ស៊ូជី មន្ត្រីជាន់ខ្ពស់ មួយចំនួននៃអតីតរដ្ឋាភិបាលលោកស្រី ក៏ត្រូវបានកាត់ទោសដាក់ពន្ធនាគារ ដល់ទៅ ៧៥ឆ្នាំ ខណៈមនុស្សជំនិតម្នាក់របស់លោកស្រី ជាក់ពន្ធនាគារ២ឆ្នាំ។ លោកស្រី ស៊ូជីផ្ទាល់នៅត្រូវប្រឈមមុខនឹងបទចោទជាច្រើនករណីទៀត ក្នុងនោះរួមមានទាំងបទចោទពីការប្រព្រឹត្តអំពើពុករលួយ ដែលទោស នេះអាចឱ្យលោកស្រីជាប់ពន្ធនាគារ ១៥ឆ្នាំ៕
ប្រភព៖ Reuters
មតិយោបល់