ព័ត៌មានជាតិ

វិសាខា នាំបុគ្គលសំខាន់ៗ ៣រូប ត្រៀមដឹកនាំក្រុម នារដូវកាលថ្មី

CAMSOC-ភ្នំពេញ៖ ក្លិបបាល់ទាត់ វិសាខា បានប្រកាសនាំយកបុគ្គលសំខាន់ៗ ៣រូប ជាបន្ដបន្ទាប់ ដើម្បីត្រៀមដឹកនាំក្រុមសម្រាប់ប្រកួតប្រជែង នារដូវកាលថ្មី ឆ្នាំ២០២២ រួមមានលោក Lee Tae Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក មាស ចាន់ណា អតីតគ្រូបង្វឹកក្រុមណាហ្គាវើលដ៏ និងលោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា។
លោក Lee Tae Hoon ត្រូវបានក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ២សម័យខាងលើ ប្រកាសតែងតាំងលោកជាគ្រូបង្គោលថ្មី ជំនួសកៅអីអតីតគ្រូបង្វឹកចាស់ លោក Colum Curtis ដែលក្លិបបានចែកផ្លូវកាលពីថ្មីៗ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ នេះ បន្ទាប់ពីលោកបានចែកផ្លូវជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នាពេលកន្លងមក។
ដោយឡែក គ្រូបង្វឹកខ្មែរ ២រូបទៀត ដែលកាន់សញ្ញាបត្រ A-License ដូចគ្នា ត្រូវបានក្លិបប្រកាស កាលពីថ្មីៗ ដោយលោក មាស ចាន់ណា ត្រូវបានក្លិបតែងតាំងជាអ្នកចាត់ការក្រុម ខណ:លោក ភា សុភ័ក្ដ្រា ត្រូវបានតែងតាំងជាគ្រូវិភាគ។
នេះគឺជាការផ្លាស់ប្ដូរ និងបន្ថែមនូវក្បាលម៉ាស៊ីនដឹកនាំក្រុមទ្រង់ទ្រាធំលើកដំបូងរបស់វិសាខា ដែលធ្វើឡើងក្នុងរយ:ពេលត្រឹមតែ ១ខែ នាចុងរដូវកាលឆ្នាំ២០២១ ដើម្បីត្រៀមការប្រកួតប្រជែងនារដូវកាលថ្មី ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ពិសេសការត្រៀមប្រកួតពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2022។
បុគ្គលសំខាន់ៗទាំង ៣រូប ខាងលើ ត្រូវបានចាត់ទុកជាគ្រូបង្វឹកដ៏មានបទពិសោធន៍ ក្នុងវិស័យបាល់ទាត់ ដែលគេរំពឹងថា នៅរដូវកាលថ្មីខាងមុខ វិសាខា នឹងបន្ថែមការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីឆ្ពោះទៅសម្រេចក្ដីស្រមៃរបស់ខ្លួន ក្នុងការដណ្ដើមជើងឯកលីគកំពូលកម្ពុជា ដ្បិត៤រដូវកាលមកហើយ វិសាខា ពុំធ្លាប់ឈ្នះពានម្ដងឡើយ ស្របពេលពួកគេ បានត្រឹមគ្រងជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ២សម័យជាប់គ្នាប៉ុណ្ណោះ៕

មតិយោបល់