(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃអង្គារនេះបានដកខ្លួនចេញពីការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភា ហើយ។ នេះបើតាមអ្នកនាំពាក្យគណៈកម្មាការជាតិរៀបចំការបោះឆ្នោតហ្វីលីពីន។
ភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ ថាតើហេតុអ្វីបានជាលោកសម្រេចចិត្តដកខ្លួនចេញពីការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភានៅឡើយទេ ហើយក៏មិនទាន់មានការអត្ថាធិប្បាយអ្វីចេញពីគណបក្ស របស់លោកដែរ។ ប៉ុន្តែ កាលពីខែតុលា កន្លងទៅ លោក ឌូតើតេផ្ទាល់ធ្លាប់បានប្រកាសថាលោក នឹងចូលនិវត្តន៍ពីឆាកនយោបាយ។
អាណត្តិជាប្រធានាធិបតីរយៈពេល ៦ឆ្នាំ របស់លោក ឌូតើតេ នឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២ ហើយបើតាមរដ្ឋធម្មនុញ្ញហ្វីលីពីន លោកមិនអាចឈរ ឈ្មោះជាប្រធានាធិបតី ទៀតនោះទេ។
ការប្រកាសពីការសម្រេចចិត្តខាងលើ កើតមានឡើងបន្ទាប់ពីរបស់លោក ឌូតើតេ កាលពីយប់ថ្ងៃចន្ទដើមសប្ដាហ៍នេះបានសន្យាថារដ្ឋាភិបាលរបស់លោកនឹងធានាឱ្យបាននូវភាពស្មោះត្រង់, សន្តិភាព, ភាពគួរឱ្យជឿទុកចិត្ត និងការបោះឆ្នោតដោយសេរីនៅឆ្នាំ២០២២៕
ប្រភព៖ AFP
មតិយោបល់