ព័ត៌មានជាតិ

រុស្ស៊ី បញ្ជាក់ឡើងវិញថាខ្លួនគ្មានផែនការប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែនទេ

(ប៊ែរឡាំង)៖ រុស្ស៊ីមិនមានផែនការ ឬកំពុងត្រៀមលក្ខខណៈណាមួយ ដើម្បីប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងអ៊ុយក្រែននោះទេ បន្ទាប់ពីទីក្រុងម៉ូស្គូ ត្រូវបានគេរាយការណ៍ថា បានដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ នេះបើតាមឯកអគ្គរដ្ឋរុស្ស៊ីប្រចាំសហភាពអឺរ៉ុប។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែតអាល្លឺម៉ង់ Die Welt នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូនេះ លោក Vladimir Chizhov រុស្ស៊ីចង់ការពារប្រជាជនដែលនិយាយ ភាសារុស្ស៊ី និងជនរួមជាតិដែលកំពុងរស់នៅក្នុងប្រទេសដទៃ។ តែទីក្រុងម៉ូស្គូមិនដែលនិយាយថា ខ្លួនមានបំណងប្រើកម្លាំងយោធា ហើយក៏មិនមានផែនការណាមួយ ដើម្បីបើកការវាយប្រហារលើប្រទេសដទៃនោះទេ ដោយលោកអាចធានាបានថា កងទ័ពរុស្ស៊ីក្នុងពេលបច្ចុប្បន្ន ក៏មិនមែនកំពុងត្រៀមលក្ខណៈឈ្លានពានប្រទេស អ៊ុយក្រែននោះទេ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា រុស្ស៊ីគ្មានហេតុផលអ្វីត្រូវដកថយ ចេញពីភាពតានតឹងជាមួយសហរដ្ឋអាមេរិក ជុំវិញវិបត្តិអ៊ុយក្រែននោះឡើយ ហើយមិនតែប៉ុណ្ណោះលោកក៏បានព្រមានផងដែរ ពីលទ្ធភាពក្នុងការប្រើប្រាស់កម្លាំង ឆ្លើយតបទៅនឹងរាល់សកម្មភាពអមិត្ត របស់បណ្ដាប្រទេសលោកខាងលិច៕

ប្រភព៖ AFP

 

មតិយោបល់