ព័ត៌មានជាតិ

លោក ចូ បៃដិន ធានាចំពោះអ៊ុយក្រែន ថាអាមេរិកនឹងឆ្លើយតបយ៉ាងដាច់ខាត បើរុស្ស៊ីហ៊ានឈ្លានពាន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថាសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត របស់ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងដាច់ខាត ប្រសិនបើរុស្ស៊ីប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមអ្នកនាំពាក្យសេតវិមាន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់ថានៅក្នុងជំនួបជាមួយលោក Zelenskiy លោក បៃដិនបានបញ្ជាក់យ៉ាងច្បាស់ៗថាអាមេរិក និងសម្ពន្ធមិត្ត រួមទាំងប្រទេសជាដៃគូនឹងចាត់វិធានការឆ្លើយតបយ៉ាងដាច់ខាត ប្រសិនបើរុស្ស៊ីឈ្លានពានចូលអ៊ុយក្រែនមែននោះ។

លោកស្រីបន្ថែមថាមេដឹកនាំនៃប្រទេសទាំង២ ក៏បានពិភាក្សាគ្នាផងដែរពីការត្រៀមលក្ខណៈនានសម្រាប់កិច្ចចរចាតាមផ្លូវការទូត ដើម្បីដោះស្រាយវិបត្តិ។ អ្នកតំណាងពីរដ្ឋាភិបាលអាមេរិក និងរុស្ស៊ី គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំមួយដែលប្រព្រឹត្តទៅពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមករានេះ នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីស មុននឹងមានកិច្ចប្រជុំក្រុមប្រឹក្សារុស្ស៊ី-NATO ព្រមទាំងកិច្ចប្រជុំនៃអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អឺរ៉ុប។

ការធានាខាងលើរបស់លោក បៃដិន ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Zelenskiy កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ និងតែប៉ុន្មានថ្ងៃ ប៉ុណ្ណោះបន្ទាប់ពីជំនួបតាមទូរស័ព្ទរវាងលោក បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បិទបញ្ចប់ទៅដោយគ្មានភាពរីកចម្រើន និងមានតែការព្រមាន
ដាក់គ្នាទៅវិញទៅមក។

ក្រុមមន្ត្រីចារកម្មអាមេរិក ធ្លាប់បានអះអាងថារុស្ស៊ីអាចនឹងបើកការវាយប្រហារលើអ៊ុយក្រែន នៅខែមករា ឬនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ខណៈកងទ័ពរុស្ស៊ីជិត ១០០,០០០នាក់ កំពុងឈរជើងនៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន៕

ប្រភព៖ CNN

មតិយោបល់