ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលខេត្ត ទាំងអស់បញ្ឈប់គម្រោងនានា ដោយមិនមានការដេញថ្លៃ ខណៈដែលសម្តេចទើបទទួលបានរបាយការណ៍បំណុល

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអភិបាលខេត្ត ទាំងអស់បញ្ឈប់គម្រោងនានា ដោយមិនមានការដេញថ្លៃ ខណ:ដែលសម្តេចទើបទទួលបានរបាយការណ៍អំពីបំណុល ដែលបណ្តាខេត្តជំពាក់ ក្រុមហ៊ុន លី ឈួង តាមរយ:របៀបអនុវត្តធ្វើមុនទូទាត់តាមក្រោយ។

ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប ១៤៨គ.ម ពីអូរជ្រៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន មានប្រសាសន៍ថា ឆ្នាំ២០២២នេះ ជាឆ្នាំដែលជំរុញកំណែទម្រង់រដ្ឋនៃការគ្រប់គ្រងហរិញ្ញាវត្ថុសាធារណ: និងអនុវត្តដោយម៉ឺងម៉ាត់នូវច្បាប់ និង បទបញ្ជា ស្តីអំពីការប្រើប្រាស់ថវិកាដោយស្ថាប័នថ្នាក់ក្រោមជាតិ និងជាពិសេសថ្នាក់ក្រោមជាតិអនុវត្តដោយម៉ឺងម៉ាត់នូវបទដ្ឋានទាក់ទងនឹងការ គ្រប់គ្រងហិរញ្ញាវត្ថុ ។

សម្តេចតេជោបានបញ្ជាក់ថា ការធ្វើកំណែទម្រង់រដ្ឋនៃការគ្រប់គ្រងហរិញ្ញាវត្ថុសាធារណ:នេះ ដោយសម្តេចទើប ទទួលបានរបាយការណ៍ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ អំពីបំណុលដែលបណ្តាខេត្តជំពាក់ក្រុមហ៊ុន លី ឈួង តាមរយ:ការអនុវត្តន៍គម្រោងសាងសង់នានារួចហើយ និងធ្វើការទូទាត់តាមក្រោយ ដោយរាជរដ្ឋាភិបាលមិនបានដឹង ដែលនេះជាការឃុបឃិតជាមួយក្រុមហ៊ុន ដោយអត់បានដេញថ្លៃ ។

សម្តេចតេជោ បញ្ជាក់បន្ថែមថា ចំពោះអភិបាលខេត្តណាហ៊ានធ្វើរបៀបនេះតទៅទៀត ចៅហ្វាយខេត្តនោះត្រូវទទួលខុសត្រូវចំពោះមុខ រាជរដ្ឋាភិបាល និងបញ្ជាឱ្យដកគម្រោង ដែលមិនទាន់បានអនុវត្ត ទោះបីចុះហត្ថលេខាជាមួយក្រុមហ៊ុន លី ឈួង ឬក្រុមហ៊ុនដទៃទៀត រួចហើយក៏ដោយ ។

សម្តេចតេជោបន្តថា អភិបាលខេត្តណាដែលបានអនុត្តនូវគម្រោងអស់ទាំងនេះ ត្រូវសងលុយដោយខ្លួនឯង បើមិនដូចនោះទេអាចនឹងបាត់បង់ តំណែង ។ បន្ថែមពីនោះទៀត សម្តេចស្នើឱ្យក្រុមហ៊ុន លី ឈួង ត្រូវបញ្ឍប់ជាបន្ទាន់ បើមិនដូច្នោះទេសម្តេចនឹងដាក់ចូលក្នុងបញ្ជីខ្មៅ ។

សម្ដេចបញ្ចាក់ថា « ខេត្តណាដែលបានជំពាក់ក្រុមហ៊ុន លី ឈួង ត្រូវទូទាត់រយ:ពេល២០ឆ្នាំ លុយដែលផ្តល់ឱ្យហើយថ្នាក់ក្រោមជាតិរកបាន ដោយខ្លួនឯង គឺទូទាត់ទៅ២០ឆ្នាំ។ អ៊ីចឹងខ្ញុំសូមផ្តាំនិងដាក់បញ្ជាដាច់ណាត់ គម្រោងមិនទាន់អនុវត្តគឺដកចេញភ្លាម លុបកុងត្រាចោល ព្រោះកុងត្រា រាជរដ្ឋាភិបាលមិនទទួលស្គាល់ បើខ្ញុំរកឃើញនឹងមានរឿងបន្តទៀត។ ឯចំពោះគម្រោងដែលបានអនុវត្តរួចហើយ សូមទូទាត់ រយ:ពេល២០ឆ្នាំ ហើយយកលុយ រដ្ឋបាលខេត្តហ្នឹងទូទាត់ទៅរាជរដ្ឋាភិបាលគ្មានចេញឱ្យមួយសេននោះទេ ព្រោះធ្វើអីអត់ឱ្យរដ្ឋាភិបាលដឹង អ៊ីចឹងវាក្លាយជាបន្ទុកបំណុល »៕

 

មតិយោបល់