(ភ្នំពេញ)៖ រឿងរ៉ាវជាមួយអតីតប្តី មិនទាន់ចប់សព្វគ្រប់ ពេលនេះម្ចាស់ហាងពេជ្រល្បីឈ្មោះ លោកស្រី ទ្រី ដាណា ស្រាប់តែត្រូវបានជនជាតិភាគតិចព្នងចំនួន១២នាក់ ប្តឹងពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»។
ក្នុងពាក្យបណ្ដឹង ដាក់ជូនប្រធានសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២នេះ តំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានរៀបរាប់ថា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ ឈ្មោះ ទ្រី ដាណា បានឡាយក្នុងហ្វេសប៊ុកផេកឈ្មោះ ទ្រី ដាណា Dana Try ជាសាធារណៈ និយាយអំពីលក់ផលិតផល និងអតីតប្ដីរបស់ខ្លួនឈ្មោះ (ម៉ៅ) ហើយនៅពេលដែលអ្នកស្រី ទ្រី ដាណា និ យាយអំពីអតីតប្ដីរបស់ខ្លួននោះ គឺអ្នកស្រីបានពោលពាក្យទៅកាន់អតីតប្ដីថា «អានេះចេញមកព្នងចុងស្រុកម៉ង» ដែលជាពាក្យសម្ដីប្រមាថមាក់ងាយ ដល់ពូជអំបូរព្នង (ពូនង) របស់ជនជាតិដើមភាគតិច។
លើសពីនេះទៀត ក៏បានធ្វើឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ពូជអំបូរជនជាតិដើមភាគតិច ជាសាធារណៈផងដែរ។ ដូច្នេះដើម្បីលុបបំបាត់ នូវផ្នត់គំនិតអវិជ្ជមាន តាមរយៈពាក្យសម្ដីជេរប្រមាថមាក់ងាយ ជាសាធារណៈ និងដើម្បីផ្ដល់កិត្តិយសរួម ព្រមទាំងសេចក្ដីថ្លៃថ្នូរ សម្រាប់ជនជាតិដើមភាគតិច ដែលមិនបានធ្វើអ្វីប៉ះពាល់ដល់អ្នកស្រី ទ្រី ដាណា ទាល់តែសោះនោះ គឺតំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានសំណូមពរដល់ប្រធានតុលាការថា៖
ទី១. សុំឲ្យសុំទោសដល់ជនជាតិ ដើមភាគតិចព្នង (ពូនង) ជាសាធារណៈ។
ទី២. សុំឲ្យបង់ប្រាក់ពិន័យចំនួន ១០លានរៀល។
ទី៣. សុំឲ្យសងជំងឺចិត្តចំនួន ២០០,០០០ (ម្ភៃម៉ឺនដុល្លារ) គត់។
ជុំវិញការប្តឹងផ្តល់នេះ គេមិនទាន់ឃើញមានការឆ្លើយតបពីសំណាក់លោកស្រី ទ្រី ដាណា នៅឡើយទេ៕
មតិយោបល់