ព័ត៌មានជាតិ

ថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន នឹងនាំយកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

(ភ្នំពេញ)៖ យោងតាមប្រសាសន៍របស់លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសដែលលោកជំទាវ អញ្ជើញចុះពិនិត្យមើលការរៀបចំសម្ភារវេជ្ជសាស្ត្រសម្រាប់ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ បានបញ្ជាក់ប្រាប់ទូរទស្សន៍ជាតិកម្ពុជាថា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងនាំយកអំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ប្រគល់ជូន សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកីវីដ-១៩។

ជំនួយរបស់កម្ពុជាលើកទី៣នេះរួមមានដូចតទៅ៖ ម៉ាស ចំនួន៣លាន, ម៉ាស់ N95 ចំនួន២សែន, វែនតាការពារ ចំនួន១សែន, សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន, របាំងការពារមុខ ចំនួន៣ម៉ឺន, ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង, ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០ គ្រឿង និងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន៥០គ្រឿង។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី៣ហើយ ដែលរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

មតិយោបល់